មនុស្សយ៉ាងតិច ៨នាក់ រងរបួស បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់លើសង្កាត់ជនស៊ីវិលមួយ ធ្វើឱ្យខូចខាតផ្ទះសម្បែង និងព្រះវិហារមួយកន្លែង

សេអ៊ូល៖ មនុស្សយ៉ាងតិច៨នាក់បានរងរបួសនៅថ្ងៃព្រហស្បតិ៍ទី៦ ខែកុម្ភៈនេះ បន្ទាប់ពីគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់លើសង្កាត់ជនស៊ីវិលមួយ ធ្វើឱ្យខូចខាតផ្ទះសម្បែង និងព្រះវិហារមួយកន្លែង។ ហេតុការណ៍នេះ កើតឡើងកំលុងពេលលំហាត់សឹកបាញ់គ្រាប់ពិតនៅទីក្រុង Pocheon ប្រទេសកូរ៉េខាងត្បូង។
មន្ត្រីម្នាក់អះអាងថា ក្នុងចំណោមមនុស្ស៨នាក់ដែលបានរងរបួស មាន៤នាក់បានរងរបួសធ្ងន់។ មន្ត្រីពន្លត់អគ្គិភ័យសង្ស័យថា គ្រាប់ផ្លោងដែលបានធ្លាក់នោះ គឺបណ្តាលមកពីការធ្វើលំហាត់សឹកយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។ យ៉ាងណា មន្ត្រីរូបនេះមិនបានលម្អិតបន្ថែមទៀតអំពីប្រភេទនៃគ្រាប់ផ្លោងនោះទេ ប៉ុន្តែអាជ្ញាធរពន្លត់អគ្គិភ័យសង្ស័យថា យន្តហោះចម្បាំងប្រហែលជាបានបាញ់ខុសបច្ចេកទេស។ រូបថតនៅកន្លែងកើតហេតុបានបង្ហាញពីផ្ទះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងកម្ទេចកម្ទីរថ្ម ខ្ទាតរប៉ាត់រប៉ាយ រាយប៉ាយពេញដី។
ក្រសួងការពារជាតិកូរ៉េខាងត្បូង អះអាងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែមីនានេះថា កងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កំពុងធ្វើលំហាត់បាញ់គ្រាប់ពិតរួមគ្នាលើកដំបូងរបស់ពួកគេនៅទីក្រុង Pocheon ខណៈលំហាត់សឹកយោធាប្រចាំឆ្នាំនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា ទីក្រុង Pocheon មានចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីសេអ៊ូល និងនៅជិតព្រំដែនតឹងសរសៃកដាក់គ្នាជាមួយកូរ៉េខាងជើង៕

