នាយករដ្ឋមន្ត្រីនៃដែនដី Greenland ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ដូណាល់ ត្រាំ ដែលចង់កាន់កាប់ដែនដី ក្នុងតំបន់អាក់ទិកមួយនេះ ដោយទទូចថាប្រជាជន Greenland មើលមិនឃើញពីអនាគតរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ឬដាណឺម៉ាកនោះទេ

AFP៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាយករដ្ឋមន្ត្រីនៃដែនដី Greenland លោក Mute Egede កាលពីថ្ងៃពុធ ទី៥ ខែមីនា បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់កាន់កាប់ដែនដី ក្នុងតំបន់អាក់ទិក មួយនេះ ដោយទទូចថាប្រជាជន Greenland មើលមិនឃើញពីអនាគតរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ឬដាណឺម៉ាកនោះទេ។។
ប្រតិកម្មរបស់លោក Mute Egede កើតមានឡើងក្រោយលោក ត្រាំ បានសន្យាជាថ្មីអំឡុងថ្លែងសុន្ទរកថាទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារថាលោកនឹងយកដែនដី Greenland ឱ្យបាន ដោយសំអាងថាសហរដ្ឋអាមេរិកត្រូវការដែនដីមួយនេះដើម្បីសន្តិសុខជាតិ។
«យើងមិនចង់ក្លាយជាជនជាតិអាមេរិក ឬដាណឺម៉ាកនោះទេ។ យើងគឺជាជនជាតិ Greenland ហើយប្រជាជនអាមេរិក និងមេដឹកនាំរបស់ពួកគេ ត្រូវតែយល់ពីរឿងនេះ»។ នេះជាការគូសបញ្ជាក់របស់លោក Mute Egede ក្នុងការបង្ហោះមួយលើ Facebook ដោយបន្តថា «យើងមិនមែនសម្រាប់លក់ឡើយ។ អនាគតរបស់យើង នឹងត្រូវបានសម្រេច ដោយពួកយើងដែលរស់នៅលើដែនដី Greenland»។
គួរបញ្ជាក់ថា អំឡុងថ្លែងសុន្ទរកថាទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក លោក ត្រាំ បាននិយាយថាលោកចង់ផ្ញើសារមួយទៅកាន់ប្រជាជនដ៏អស្ចារ្យនៃដែនដី Greenland ជាមួយការបន្ថែមថា «យើងគាំទ្រយ៉ាង ពេញទំហឹងចំពោះសិទ្ធិរបស់អ្នកក្នុងការសម្រេចពីអនាគត់របស់អ្នក តែប្រសិនបើអ្នកធ្វើការជ្រើសរើស នោះយើងនឹងស្វាគមន៍អ្នកចូលមករួមរស់ជាមួយសហរដ្ឋអាមេរិក»។ ប៉ុន្តែ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា លោកនឹងមិនបោះបង់ចោលទេ ប្រសិនបើការបញ្ចុះបញ្ចូលទទួលបរាជ័យ ហើយថាលោកនឹងយក Greenland តាមមធ្យោបាយផ្សេង៕

