សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈនានាដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញឱ្យឃើញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ។
ក្នុងឱកាសអញ្ជើញជាអធីបតីភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកោះពេជ្យ សម្តេចធិបតី សប្បាយចិត្តពេលឃើញប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយជាច្រើនឡើងវិញនៅអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយសង្ឃឹមថា ចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀតបងប្អូនប្រជាពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះសម្ដេចធិបតី ក៏បាមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសុំរួមគ្នាផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ តាមរយៈផ្ទាល់ខ្លួនក្ដី រៀបចំព្រឹត្តិការណ៍វប្បធម៌នានាក្ដី ដោយធ្វើទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីរួមគ្នាលើកកម្ពស់មរតកវប្បធម៌ខ្មែរលើឆាកអន្តរជាតិ និងរួមគ្នារក្សាថែទាំងអស់គ្នាទោះនៅទីណាក៏ដោយ៕

