សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា មិនគួរបង្ហោះក្នុងបណ្ដាញសង្គមឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាល់បញ្ហាដែលកើតមានឡើងផ្ទាល់ខ្លួន សុំស្វែងរកវិធីដោះស្រាយតាមរយៈការជជែកពិភាក្សាជាមួយគ្នា និងមិនគួរបង្ហោះក្នុងបណ្ដាញសង្គមនានាដើម្បីដោះស្រាយបញ្ហា ឬ ហៅសាច់ញាតិមកដោះស្រាយ ឬអាងអ្នកនេះ អ្នកនោះនោះទេ។
ក្នុងឱកាសអញ្ជើញជាអធីបតីភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកោះពេជ្យ សម្តេចធិបតីមានប្រសាសន៍ថា ការជជែកគ្នាដោយសន្តិវិធីជាដំណោះស្រាយល្អ ដំណោះស្រាយនាំឱ្យ មានភាពសុខដុមក្នុងសង្គម ប្រសើរជាងការជេរប្រទេចគ្នា ដែលបង្ហាញឱ្យឃើញពីភាពអសីលធម៌ក្នុងសង្គមយើង។
ជាមួយគ្នានេះសម្ដេចធិបតីបានឱ្យដឹងទៀតថា រាល់សកម្មភាពណាមួយ សុំគិតពីការប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមរវាងមនុស្ស និងមនុស្ស ជាពិសេសត្រូវគិតដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សដូចគ្នា៕

