សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ បន្តក្នុងការចុះបញ្ជីបេតិកភណ្ឌរូបិយ និងអរូបិយ ដែលជាមោទនភាពរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសលើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ឲ្យបន្តការងារដ៏មានតម្លៃរបស់ខ្លួន ក្នុងការចុះបញ្ជីបេតិកភណ្ឌរូបិយ និងអរូបិយ ដែលជាមោទនភាពរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធីបតីភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកោះពេជ្យ សម្តេចធិបតីបានបន្ថែមថា ត្រូវបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិតាមរយៈវិស័យសិល្បៈ និងវប្បធម៌ ផងដែរ ហើយមួយវិញទៀតសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងបរិស្ថានត្រូវបន្តពង្រឹងកិច្ចការសហការ និងដាក់ចេញនូវគោលការណ៍គ្រប់គ្រងឲ្យបានច្បាស់ និងបន្តចុះបញ្ជីនៅលើតំបន់ធម្មជាតិនានាទាំងក្នុងបញ្ជីបេតិកភណ្ឌជាតិ របស់អង្គការយូណេស្កូ ក៏ដូចជាក្នុងបញ្ជីយន្តការតំបន់អាស៊ានផងដែរ ខណៈរបស់ទាំងនោះគឺសុទ្ធតែជារបស់មានតម្លៃ និងចាំបាច់ត្រូវតែថែរក្សា និងអភិរក្សឲ្យបានគង់វង្សយូរអង្វែងនោះ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពចុះបញ្ជីទីតាំងបេតិកភណ្ឌវប្បធម៌ជាតិ ឬបុរាណដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីរក្សាទុកដល់កូនចៅជំនាន់ក្រោយៗ ទៀត ខណៈសម្តេចសន្និដ្ឋានថាតំបន់បុរាណដ្ឋាន ឬក៏ទីតាំងបេតិកភណ្ឌរបស់ខ្មែរអាចមានរាប់សែនកន្លែងនោះ៕

