សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀត ពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ចូលឆ្នាំខ្មែរឆ្នាំនេះ និងឆ្នាំក្រោយៗទៀត បងប្អូនប្រជាពលរដ្ឋនឹងនាំគ្នាលេងល្បែងប្រជាប្រិយឡើងវិញ ឲ្យកាន់តែច្រើនថែមទៀត ។
ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចសប្បាយចិត្តពេលឃើញប្រជាពលរដ្ឋ លេងល្បែងប្រជាប្រិយជាច្រើនឡើងវិញ នៅអំឡុងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
សម្ដេចបវរធិបតី បានលើកឡើងថា ការចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បៈនានា ដែលជាមរតកវប្បធម៌ខ្មែរ បង្ហាញឱ្យឃើញពីការចូលរួមរក្សាថែសម្បត្តិវប្បធម៌របស់ដូនតាខ្មែរ ៕

