សម្ដេចធិបតី ណែនាំឲ្យចុះបញ្ជីដីធ្លីទីតាំងបេតិកភណ្ឌ វប្បធម៌ជាតិ ឬបុរាណដ្ឋាន និងធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ដើម្បីរក្សាទុកដល់កូនចៅតជំនាន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដល់ក្រសួងវប្បធម៌ សហការជាមួយក្រសួងរៀបចំដែនដី ចុះបញ្ជីដីធ្លីទីតាំងបេតិកភណ្ឌ វប្បធម៌ជាតិ ឬបុរាណដ្ឋាន ដែលត្រូវចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ដើម្បីរក្សាទុកដល់កូនចៅតជំនាន់ទៅមុខទៀត ។
ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ មីនានេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បង្ហាញក្ដីរីករាយដែលបានចូលរួម ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដើម្បីរំឭកដល់សិល្បៈវប្បធម៌របស់ខ្មែរ ដែលមានសារៈសំខាន់ចំពោះអត្តសញ្ញាណ និងមោទនភាពជាតិ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលកម្ពុជាប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេនចូលរួមក្នុងការងារអភិរក្សលើកស្ទួយ និងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់យើង ដែលក្នុងនោះក៏មានសិល្បៈវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមរបស់សម្ដេច និងភរិយា នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា គឺដើម្បីបង្ហាញពីការរម្លឹកដឹងគុណដល់គុណូបការៈបុព្វដូនតាខ្មែរគ្រប់ជំនាន់ ដែលបានបន្សល់នូវសម្បត្តិវប្បធម៌ជាច្រើនដល់កូនចៅជំនាន់ក្រោយ និងដើម្បីបំផុសជនរួមជាតិទាំងក្នុង និងក្រៅប្រទេសរួមគ្នាថែរក្សាមរតកវប្បធម៌ជាតិទាំងអស់គ្នា ៕

