សម្ដេចបវរធិបតី៖ ស្ថាប័នជំនាញកំពុងរៀបចំចុះបញ្ជីសង្ក្រាន្តកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់យូណេស្កូ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ស្ថាប័នជំនាញកំពុងរៀបចំចុះបញ្ជីសង្ក្រាន្តកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់យូណេស្កូ ដើម្បីផ្សព្វផ្សាយពីសម្បត្តិវប្បធម៌របស់កម្ពុជា ។
ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ មីនានេះ សម្ដេចមហាបវរធិបតី បានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវកំណត់ជាអតិបរមានៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីសហការការពារតម្លៃដើមរបស់សម្បត្តិបេតិកភណ្ឌ រួមទាំងបេតិកភណ្ឌផង និងដើម្បីបញ្ជៀសផលប៉ះពាល់ណាមួយដល់ពលរដ្ឋ ។
ក្នុងឱកាសនោះដែរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានបង្ហាញក្ដីរីករាយដែលបានចូលរួម ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដើម្បីរំឭកដល់សិល្បៈវប្បធម៌របស់ខ្មែរដែលមានសារៈសំខាន់ចំពោះអត្តសញ្ញាណ និងមោទនភាពជាតិ ៕

