ឯកឧត្តម សួស ប្រាថ្នា ផ្តល់អនុសាសន៍ ៨ចំណុច ដល់រដ្ឋបាលក្រុង ស្រុក ក្នុងកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក នៅសាលប្រជុំរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក សរុប១៤៥ រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការរៀបចំនិងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ការរៀបចំនិងការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ការរៀបចំនិមិត្តសញ្ញា ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ និងការរៀបចំនិងការអនុវត្តមូលនិធិ ក្រុង ស្រុក និងកិច្ចការផ្សេងៗទៀត។
នាឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ចំនួន ៨ ដល់រដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម៖
– រដ្ឋបាល ក្រុង ស្រុក ត្រូវបន្តជំរុញគាំទ្រណែនាំដល់រដ្ឋបាលក្រុងស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប់ជាប្រចាំក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនិតិកាលទី៧ ព្រមទាំងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅបង្កើនកាលានុវត្តភាពថ្មីៗ សម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានប្រកបដោយចីរភាព និងសមធម៌។
– ស្នើ រដ្ឋបាល ក្រុង ស្រុក ពន្លឿននៅការរៀបចំកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគផែនការ៣ឆ្នាំរំកិល ការរៀបចំនិមិត្តសញ្ញាក្រុង ស្រុកដែលមិនទាន់រៀបចំរួចរាល់នៅឡើយ ព្រមទាំងពន្លឿនការរៀបចំអនុវត្តន៍គម្រោងមូលនិធិនិងការរៀបចំថវិកាក្រុង ស្រុកឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
– រដ្ឋបាល ក្រុង ស្រុក ត្រូវអនុវត្តន៍គម្រោងស្របតាមសៀវភៅណែនាំស្តីពីការរៀបចំគម្រោងក្រុង ស្រុក ឆ្នាំ២០១៣ ដោយត្រូវរៀបចំស្នើគម្រោងមុនដំណើរការកិច្ចលទ្ធកម្ម និងត្រូវបញ្ជូនព័ត៌មានគម្រោងទៅទីចាត់ការផែនការវិនិយោគដើម្បីពិនិត្យនិងបញ្ជូនទៅពិនិត្យបញ្ជាក់ផ្នែកបច្ចេកទេស។
– រដ្ឋបាល ក្រុង ស្រុក ត្រូវ ខិតខំបន្តយកចិត្តទុកដាក់អំពីតម្រូវការសេវាសង្គម និងអនាម័យបរិសា្ថន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមលិខិតបទដ្ឋានគតិយុត្តិ។
– រដ្ឋបាល ក្រុង ស្រុក ត្រូវ ខិតខំលើកកម្ពស់ ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាពក្នុងការគ្រប់គ្រងចាត់ចែងនិងផ្តល់សេវានានា នៅតាមបណ្តាអង្គភាព ច្រកចេញចូលតែមួយ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីដែលកំពុងបំពេញការងារ ឱ្យគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ និងមានអាកប្បកិរិយាសមរម្យក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដើម្បីធានាថាប្រជាពលរដ្ឋ ទទួលបានសេវាល្អ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងសមធម៌។
– រដ្ឋបាល ក្រុង ស្រុក ត្រូវពង្រឹងមន្ត្រី និងមន្ទីរពាក់ព័ន្ធដែលមានតួនាទីភារកិច្ចផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ដើម្បីអនុវត្តន៍មុខងារដែលបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលក្រុងស្រុកឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍និតិវិធី និងស្តង់ដានៃការផ្តល់សេវាដែលកំណត់ដោយក្រសួងស្ថាប័នតាមវិស័យនីមួយៗ។
-រដ្ឋបាល ក្រុង ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារគ្រប់គ្រងការចាត់ចែងនិងការអនុវត្តមុខងារនិងធនធាននានា រួមទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
– រដ្ឋបាល ក្រុង ស្រុក ក៏ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនក្នុងការតាមដានត្រួតពិនិត្យ និងគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំគម្រោងនិងគ្រប់គ្រងនូវការអភិវឌ្ឍគម្រោងអភិវឌ្ឍនានា ឱ្យទទួលបាន តម្លាភាព គណនេយ្យភាព សុចរិតភាព និងសមធម៌ ៕

