សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តរក្សាបានជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣%

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពីយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តរក្សាបានការរឹងមាំ ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ការបន្តនិន្នាការកើន ឡើងនៃវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រ គួបផ្សំនឹងការបន្តរក្សាបានស្ថិរភាព កំណើននៃវិស័យកសិកម្ម។
សម្តេចបវរធិបតីបន្តថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ ថាកំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។
សម្តេចធិបតី បានបញ្ជាក់ថា កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការ ខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ, ក្នុង ការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ៕

