ក្រសួងការងារ រៀបចំពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ។
ពិធីអបអរសាទរ ដែលរៀបចំធ្វើនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាពេលនេះ មានវត្តមានចូលរួមរបស់ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ, លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួង, តំណាងសហជីពស្ត្រី, តំណាងនារីនៃវិទ្យាស្ថាន/មជ្ឈមណ្ឌល ២៤ រាជធានី ខេត្ត, និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបជិត ៦០០នាក់។
បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងការផ្តល់នូវអនុសាសន៏ដល់អង្គពិធីនេះ ឯកឧត្តម ហេង សួរ ក៏បានជូនបាច់ផ្កានិងប័ណ្ណសរសើរជូនដល់គណៈអធិបតី និងតំណាងនារីប្រចាំអង្គភាពនីមួយៗ និងបានបំពាក់គ្រឿងឥស្សរិយយសជូនដល់នារីឆ្នើម ដែលមានដូចជា៖ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន ១គ្រឿង, គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់សេនា ចំនួន ២គ្រឿង, គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ ចំនួន ១គ្រឿង, គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់អស្សឫទ្ធិ ចំនួន ៤គ្រឿង, មេដាយមាសការងារ ចំនួន ១៩គ្រឿង, មេដាយប្រាក់ការងារ ចំនួន ១៧គ្រឿង, មេដាយសំរឹទ្ធការងារ ចំនួន ៣៣គ្រឿង ៕

