លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ពលរដ្ឋ៣៧០គ្រួសារ នៅខេត្តព្រះវិហារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា បានដឹកក្រុមការងារអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ៣៧០គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅវត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម ស្ថិតនៅក្នងឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុកជាំក្សាន្តផងដែរ។
វត្តទាំង៦ដែលទទួលបានទេយ្យវត្ថុមាន៖
វត្តព្រះពុទ្ធឆព័ន្ធរង្សីរស្មី៦ពណ៌ ,វត្តសាមគ្គីមុន្នីចារម ហៅវត្តចា,វត្តគិរីសារវ័នខេមរតេជោ ហៅវត្តកងពលលេខ៨,
វត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម,
វត្តស្រអែមរតនារាម ហៅវត្តស្រអែម
និងវត្តចន្ទិការាម ហៅវត្តកន្ទួត។
លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនាថ្ងៃនេះ។
លោកជំទាវក៏បានរៀបចំអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកា។ លោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ៕

