ប្រមុខរាជរដ្ឋាភិបាល ឲ្យពិនិត្យបានហ្មត់ចត់ចំពោះការលក់ ភេសជ្ជៈផ្អែម ក្នុងសាលារៀន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យបានហ្មត់ចត់ចំពោះការលក់ «ភេសជ្ជៈផ្អែម» ក្នុងសាលារៀន ដោយសារបច្ចុប្បន្នមានក្មេងៗជាច្រើនកើតជំងឺទឹកនោមផ្អែម។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាកុមារផឹកភេសជ្ជៈផ្អែមជារឿងគួរឱ្យព្រួយបារម្ភ ព្រោះនឹងបណ្ដាលឱ្យមានជំងឺទឹកនោមផ្អែមទៅថ្ងៃអនាគត ដែលជាបន្ទុកធ្ងន់។
សម្តេចបវរធិបតី បន្ដថា បញ្ហាជំងឺទឹកនោមផ្អែក វានឹងក្លាយជាបន្ទុក មិនមែនជាទ្រព្យទេ ដោយ សម្តេច ស្នើឱ្យ ឪពុក-ម្តាយ ពលរដ្ឋទាំងអស់ ជាពិសេសលោកគ្រូ អ្នកគ្រូ គិតគូខ្ពស់លើបញ្ហានេះ។
សម្ដេចបញ្ជាក់ថា «បើសិនជាក្មេងជាង ១០ឆ្នាំ ២០ឆ្នាំ ហើយចាប់ពីឥឡូវអាយុ ៣០ ឬ ៤០ឆ្នាំ ក្លាយជាបន្ទុកហើយ ឈឺជំងឺទឹកនោមផ្អែម គឺជាបន្ទុក មិនមែនទ្រព្យទេ ចឹងត្រូវគិតគូរមើល សូមឱ្យ ឪពុក ម្ដាយ ប្រជាជន លោកគ្រូ អ្នកគ្រូ អ្នកលក់ ត្រូវគិតគូរអាហ្នឹង»៕

