សម្ដេចធិបតី៖ ក្នុងសាលារៀននីមួយៗមានតួអង្គបីសំខាន់ គឺគណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងសាលារៀននីមួយៗមានតួអង្គបីសំខាន់ គឺគណៈគ្រប់គ្រង, បុគ្គលិកអប់រំ និងគ្រូបង្រៀន។
ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥” នាថ្ងៃទី២៦ ខែកុម្ភៈនេះ សម្ដេចធិបតីបន្តថា ក្នុងនោះគ្រូបង្រៀនគឺសំខាន់ជាងគេ ជាពិសេសទី១ គឺនាយកសាលា គឺត្រូវដឹកនាំ សម្របសម្រួលឱ្យការងារនៅសាលារៀនបានដើរទៅមុខ ខណៈកន្លងទៅសម្ដេចបានណែនាំរួចហើយចំពោះការជ្រើសរើនាយកសាលារៀននេះ។
សម្ដេចមហាបវរធិបតី បានបន្ថែមថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលពង្រឹងការសិក្សាអប់រំនៅថ្នាក់មូលដ្ឋានក្នុងកម្រិតបឋមសិក្សា គឺផ្ដោតលើកិច្ចការសំខាន់ ៣ ក្នុងនោះមានដូចជាពង្រឹងអភិបាលកិច្ច និងការងារដឹកនាំបង្រៀន, ពង្រឹងកម្មវិធីសិក្សា និងទី៣ ការចូលរួមពីសហគមន៍ជាដើម ៕

