ចិនប្រឆាំងសហភាពអឺរ៉ុបដែលចុះបញ្ជីក្រុមហ៊ុនចិន បុគ្គលក្នុងកញ្ចប់ទណ្ឌកម្មរុស្ស៊ី

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការរួមបញ្ចូលក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិននៅក្នុងកញ្ចប់ទណ្ឌកម្មទី១៦ របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីនឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
អ្នកនាំពាក្យរបស់ក្រសួង ដែលបានជំរុញឱ្យ EU បញ្ឈប់ការចុះបញ្ជីក្រុមហ៊ុន និងបុគ្គលរបស់ចិន ហើយបញ្ឈប់ការប្រមាថ និងបង្វែរការស្តីបន្ទោសមកលើប្រទេសចិន បានបញ្ជាក់ថា ចំណាត់ការរបស់ EU គឺផ្ទុយទៅនឹងការឯកភាពគ្នារវាងមេដឹកនាំនៃភាគីទាំងពីរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចិនជឿជាក់យ៉ាងខ្ជាប់ខ្ជួនថា ការសន្ទនា និងការចរចាគឺជាមធ្យោបាយដែលអាចសម្រេចបានតែមួយគត់ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ហើយតែងតែគាំទ្រដល់ការចរចាសន្តិភាព អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ផងដែរថា ចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។
