ចិនមានបំណងលុបបំបាត់ការបំពុលបរិយាកាសនៅចុងឆ្នាំនេះ ខណៈអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងបញ្ហាបំពុល និងកាត់បន្ថយការបំភាយឧស្ម័នពុល

ប៉េកាំង៖ បើតាមមន្ត្រីបរិស្ថានជាន់ខ្ពស់មួយរូបអះអាងនៅថ្ងៃអង្គារទី២៥ ខែកុម្ភៈថា ចិនមានបំណងលុបបំបាត់ការបំពុលបរិយាកាសនៅចុងឆ្នាំ២០២៥នេះ ខណៈអាជ្ញាធរបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងបញ្ហាបំពុល និងការកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិកាកាស។
ប្រធាននាយកដ្ឋានបរិស្ថានបរិយាកាស លោក លី ធានវៃ (Li Tianwei) បានអះអាងថា ចិននឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករគុណភាពខ្យល់ និងប្រព័ន្ធព្រមានជាមុន ហើយនឹងពង្រឹងការគ្រប់គ្រងនៃភាគល្អិតក្នុងខ្យល់បង្កគ្រោះថ្នាក់ ដែលគេគ្រប់គ្នាស្គាល់ថាជា PM2.5។ លោក លី បាននិយាយថា៖«សមរភូមិប្រយុទ្ធប្រឆាំងការបំពុលបរិយាកាសដើម្បីមេឃពណ៌ខៀវនៅតែមិនផ្លាស់ប្ដូរ»។
ប្រធាននាយកដ្ឋានបរិស្ថានបរិយាកាសរូបនេះ លើកឡើងថា ចិនត្រូវតែដាក់ចេញនូវស្ដង់ដារការបំភាយឧស្ម័នថ្មី ស្របតាមការអនុវត្តល្អបំផុតជាសាកល។ ជាមួយគ្នា អាជ្ញាធរក៏មានគម្រោងលើកកម្ពស់ការដឹកជញ្ជូនទំនិញតាមផ្លូវឆ្ងាយដោយផ្លូវដែក និងផ្លូវទឹក ជាជាងប្រើផ្លូវថ្នល់។
ជុំវិញរឿងរ៉ាវនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង អះអាងថា ចិនផ្តល់អាទិភាពដល់ការការពារបរិស្ថាន និងការលើកកម្ពស់របៀបរស់នៅបៃតង ហើយការអភិរក្សធម្មជាតិ គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងប្រទេសសង្គមនិយមទំនើប។
ជាក់ស្តែង អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ទោះបីជាមានការរីកចម្រើនខ្លះក៏ដោយ ប៉ុន្តែការបំពុលខ្យល់នៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសចិន ហើយប៉ះពាល់ដល់សេដ្ឋកិច្ច និងគុណភាពជីវិតរបស់មនុស្ស។ WHO បន្ថែមថា ការបំពុលខ្យល់គឺទំនួលខុសត្រូវចំពោះករណីស្លាប់ប្រហែល២លាននាក់ នៅក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។
ជាចុងក្រោយ WHO ចាត់ទុកកំហាប់ PM2.5 លើសពី៥០មីក្រុងក្នុងមួយម៉ែត្រគូប គឺជាកម្រិតនៃការបំពុលខ្យល់ធ្ងន់ធ្ងរ៕

