ប្រមុខរាជរដ្ឋាភិបាល៖ ឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំ នៅខេត្តសៀមរាប ឲ្យកាន់តែសប្បាយ ដើម្បីទាក់ទាញទេសចរណ៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ឲ្យកាន់តែធំ និងកាន់តែសប្បាយ ដើម្បីទាក់ទាញទេសចរណ៍ឲ្យបានកាន់តែច្រើន ។
ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយគាំទ្រ ដើម្បីឲ្យកម្មវិធីនេះមានភាពអធឹកអធម ដើម្បីទាក់ទាញទេសចរណ៍ មកលេងខេត្តសៀមរាបកាន់តែច្រើន។
គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕

