លោក ដូណាល់ ត្រាំ រំពឹងថា ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនបានបង្ហាញពេលវេលាជាក់លាក់នោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ រំពឹងថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនបានបង្ហាញពេលវេលាជាក់លាក់នោះទេ។
លោក ត្រាំ បានកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មានថា វាអាចទៅរួចសម្រាប់សហរដ្ឋអាម៉េរិក និងចិន ក្នុងការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ ការសន្ទនា ឬអន្តរកម្មរវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានគេមើលឃើញថា មានសារសំខាន់ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយ។
លោក ស៊ី បានធ្វើដំណើរទស្សនកិច្ចចុងក្រោយទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចលើកទី៥ របស់លោកទៅកាន់ប្រទេសនេះ ក្នុងនាមជាប្រធានាធិបតីចិន សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បណ្តាលឱ្យមានកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងយោធានិងយោធា និងទប់ស្កាត់ការផលិតថ្នាំញៀនហ្វេតានីល។
លោក ត្រាំ និងលោក ស៊ី ធ្លាប់បានជជែកពិភាក្សាអំពីបញ្ហាជាច្រើនរួមមាន៖ ទិកតុក ពាណិជ្ជកម្ម និងកោះតៃវ៉ាន់ មុនលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងចរចាជាមួយប្រទេសចិនអំពីកម្មវិធីទិកតុក ខណៈសហរដ្ឋអាម៉េរិកស្វែងរកឈ្មួញកណ្តាល ដើម្បីទិញកម្មវិធីដ៏ពេញនិយមពីក្រុមហ៊ុនចិន ByteDance។
សូមរំឭកថា លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកធ្លាប់បាននិយាយជាមួយលោក ស៊ី ចាប់តាំងពីចូលកាន់តំណែងផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនានោះទេ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំង២ តានតឹងអស់ជាច្រើនឆ្នាំ ជុំវិញភាពខ្វែងគំនិតគ្នារាប់ចាប់ពីពន្ធពាណិជ្ជកម្ម និងសន្តិសុខតាមអ៊ីនធឺណិតរហូតដល់ទិកតុក កោះតៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស និងប្រភពដើមនៃជំងឺកូវីដ-១៩៕

