ប្រមុខរាជរដ្ឋាភិបាល៖ ការថែរក្សាសាមគ្គីភាព ការរក្សាសន្តិភាព នៅក្នុងប្រទេស គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពញ្ញាក់ស្មារតី ដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យឆាប់ជឿតាមអ្វីដែលគេលើកឡើង ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់កម្ពុជា ដោយឱ្យនាំគ្នាធ្វើយ៉ាងណា ថែរក្សាសន្តិភាព ហើយការពារដែនអធិបតេយ្យភាពទឹកដី និងឯករាជ្យភាព តាមរយៈកុំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ។
ក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹក នូវទុក្ខវេទនា ដែលកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមជាហូរហែល ពោលប្រមាណ៥០០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា មិនអាចស្វែងរកសន្តិភាព ។ ហេតុដូចនេះ សម្តេចធិបតី ផ្តាំកុំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង បើកាលណាបែកបាក់សាមគ្គីផ្ទៃក្នុង នឹងធ្វើឱ្យប្រទេសជិតខាងឆ្លៀតឱកាស ច្បាមយកនូវផលប្រយោជន៍ តួរយ៉ាងប្រវត្តិសាស្ត្រខ្មែរ បានចងក្រងឱ្យស្វែងយល់ស្រាប់ បន្ទាប់ពីខ្មែរបែកបាក់ផ្ទៃក្នុង ធ្វើឱ្យខ្មែរកាន់តែចុះខ្សោយទៅៗ ៕