យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបានលិចផ្នែកខ្លះនៃភាគអាគ្នេយ៍នៅអាមេរិក ដោយលិចផ្លូវថ្នល់ និងផ្ទះសម្បែងពលរដ្ឋ

វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបានលិចផ្នែកខ្លះនៃភាគអាគ្នេយ៍នៅសហរដ្ឋអាម៉េរិក ដោយលិចផ្លូវថ្នល់ និងផ្ទះសម្បែងពលរដ្ឋ។
អភិបាលរដ្ឋ Kentucky លោក អាន់ឌី បេសៀ (Andy Beshear) បាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់នៅក្នុងរដ្ឋរបស់គាត់ ហើយចំនួនសរុបអាចកើនឡើង ខណៈអ្នកស្លាប់ទី៩ស្ថិតនៅរដ្ឋចចចៀ។ លោក បេសៀ បានប្រាប់សារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យទី១៦ ខែកុម្ភៈថា៖«យើងកំពុងមើលឃើញស្ថានភាពគ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជននៅទូទាំងរដ្ឋ ហើយអ្វីៗនឹងកាន់តែតានតឹងជាងមុន ដោយសារតែទឹកជំនន់កាន់តែខ្លាំង»។
មនុស្សរាប់រយនាក់ដែលជាប់គាំងក្នុងទឹកជន់លិច ខណៈលោក បេសៀ បានព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ថា រដ្ឋ Kentucky រដ្ឋចចចៀ រដ្ឋ Alabama រដ្ឋ Mississippi រដ្ឋTennessee រដ្ឋVirginia រដ្ឋ West Virginia និងNorth Carolina ស្ថិតក្រោមការប្រកាសអាសន្នទាក់ទងនឹងព្យុះនៅចុងសប្តាហ៍នេះ។ គ្រួសារជាងកន្លះលានបានគ្មានថាមពលប្រើប្រាស់កាលពីយប់ថ្ងៃអាទិត្យ៕

