ស្ពានបុរាណវែងជាងគេរបស់កម្ពុជា ដែលជាទីមោទនៈរបស់អ្នកស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ “ស្ពានទ័ព ឬ ស្ពានទិព្វ” មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ស្ពាននេះស្ថិតនៅលើមហាវិថីបុរាណត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដើម្បីតភ្ជាប់ផ្លូវទៅកាន់ទីក្រុងវិម៉ាយពូរ៉ា (ភីម៉ា) ស្ថិតក្នុងខេត្តនគររាជសីម៉ាដែលបច្ចុប្បន្ននៅប្រទេសថៃ។
ស្ពានទ័ព ជាស្ពានបុរាណដែលវែងជាងគេ ត្រូវបានសាងសង់កាត់ស្ទឹងស្រែង មានប្រវែងបណ្ដោយ ១៥០ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រនិងកម្ពស់ ១០ម៉ែត្រ។
ទោះបីបច្ចុប្បន្នស្ពានទ័ពកំពុងប្រឈមនឹងបញ្ហាទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើតអស់រយៈពេលជាច្រើនសតវត្ស សសរស្ពានជាពិសេសផ្នែកខាងកើតបានសឹករិចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រក៏ដោយ ក៏ស្ពាននេះជាបុរាណដ្ឋានមួយដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងការស្វែងយល់ពីភាពថ្កុំថ្កើងនៃអរិយធម៌របស់ចក្រភពអង្គរ ៕

