មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងក្នុងរដ្ឋធានីញ៉ូវដេលី
ញូវដេលី៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា យ៉ាងហោ ចណាស់មនុស្ស១៥នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងសំខាន់ក្នុងរដ្ឋធានីញ៉ូវដេលីកាលពីយប់ថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ខណៈអ្នកដំណើររង់ចាំឡើងរថភ្លើងទៅកាន់ពិធីបុណ្យហិណ្ឌូ Maha Kumbh។
ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង១០នាទីយប់ (ម៉ោងក្នុងប្រទេសឥណ្ឌា) នៅកន្លែងរង់ចាំរថភ្លើង ខណៈដែលអ្នកដំណើររង់ចាំឡើងរថភ្លើងទៅកាន់ទីក្រុង Prayagraj ដែលជាកន្លែងពិធីបុណ្យត្រូវបានរៀបចំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់រួមមានស្ត្រី ១០នាក់ និងកុមារ ៣នាក់។
បុរសម្នាក់នៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មាន ANI ថា អ្នកដំណើរបានរត់ឆ្លងកាត់កន្លែងរង់ចាំ បង្កឱ្យមានស្ថានភាពវឹកវរ ដែលនាំឱ្យមនុស្សដួលលើគ្នា។ ជនរងគ្រោះជាច្រើនគឺជាអ្នកធ្វើដំណើរទៅកាន់ពិធីបុណ្យ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយនៅលើបណ្តាញសង្គម X ថា លោកសូមចែករំលែកទុក្ខអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេក្នុងហេតុការណ៍ជាន់គ្នានៅស្ថានីយរថភ្លើងញ៉ូវដេលី។
គួររំឭកថា មនុស្សរាប់សិបនាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ជាន់គ្នានៅក្នុងពិធីបុណ្យកាលពីខែមុន ខណៈដែលអ្នកកាន់សាសនាហិណ្ឌូរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីជ្រមុជទឹកនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ។ ពិធីបុណ្យហិណ្ឌូត្រូវបានគេរំពឹងថានឹងទាក់ទាញមនុស្សប្រហែល៤០០លាននាក់ចូលរួម។

