អ្នកនាំពាក្យ៖ ការចំណាយថវិកាផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់សម្តេចធិបតី មិនខុសពីមេដឹកនាំនានាលើពិភពលោក ហើយថវិកាដែលចំណាយមិនមែនជាថវិកាជាតិនោះទេ

ភ្នំពេញ៖ ឯកឧត្ដម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេចនាយក រដ្ឋមន្ត្រី បានអះអាងថា ការចំណាយថវិកាផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនខុសពីមេដឹកនាំនានាលើពិភពលោក ក៏ដូចជាអ្នកធ្វើធុរកិច្ចនោះឡើយ ហើយថវិកាដែលចំណាយលើការផ្សាយនេះមិនមែនជាថវិកាជាតិនោះឡើយ។
ការបំភ្លឺរបស់ក្រុមអ្នកនាំពាក្យសម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពី មាន ការផ្សព្វផ្សាយពីសំណាក់ព័ត៌មាននៅក្រៅប្រទេស ពាក់ព័ន្ធរបាយ ការណ៍នៃការចំណាយថវិកាលើការផ្សព្វផ្សាយព័ត៌មាននានាតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី។
ឯកឧត្ដម មាស សុភ័ណ្ឌបន្តថា ការចំណាយថវិកាផ្សព្វផ្សាយតាមបណ្តាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងគោលបំណងរុញព័ត៌មាននានាឱ្យដល់ដៃប្រជាពលរដ្ឋកាន់តែទូលំទូលាយ។
បើតាមឯកឧត្ដម មាស សុភ័ណ្ឌ ការចំណាយថវិកាសម្រាប់ការផ្សាយព័ត៌មានរបស់សម្តេចមហាបវរធិបតី មិនមែនទើបតែកើតមាននាពេលបច្ចុប្បន្ននោះឡើយ ពោលបានធ្វើជាយូរមកហើយ ហើយថវិកាដែលចំណាយលើការផ្សព្វផ្សាយនេះពុំបានប្រើប្រាស់ថវិកាជាតិនោះឡើយការផ្សព្វផ្សាយនេះទៀតសោត ក៏ពុំមែនជាការធ្វើប្រជាភិថុតិ ដូចការចោទប្រកាន់របស់ក្រុមជនអគតិមួយចំនួននោះដែរ។
ជាមួយគ្នានេះឯកឧត្ដម មាស សុភ័ណ្ឌ បានចាត់ទុកការលើកឡើងរបស់ក្រុមជនអគតិពាក់ព័ន្ធការចំណាយថវិកាលើការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី គឺបានបង្កប់នូវចេតនាទុច្ចរិត ដែលនាំឱ្យប្រជាជនមានការយល់ច្រឡំមក លើរាជរដ្ឋាភិបាល ដើម្បីតែបម្រើផលប្រយោជន៍នយោបាយរបស់ក្រុមគេតែប៉ុណ្ណោះ៕
