មនុស្សយ៉ាងហោចណាស់៣០នាក់ រងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបំបុកទម្លុះចូលក្រុមមនុស្សក្នុងទីក្រុងមុយនិច នៃប្រទេសអាល្លឺម៉ង់

ប៊ែរឡាំង៖ មនុស្សយ៉ាងហោចណាស់៣០នាក់ បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបំបុកទម្លុះចូលក្រុមមនុស្សក្នុងទីក្រុងមុយនិច នៃប្រទេសអាល្លឺម៉ង់ ខណៈហេតុការណ៍នេះកើតឡើងមួយសប្តាហ៍មុនការបោះឆ្នោតសហព័ន្ធរបស់ប្រទេសនេះ និងមួយថ្ងៃមុនបើកសន្និសីទស្តីពីសន្តិសុខ។
ប៉ូលិសលើកឡើងថា អ្នកបើកបរ គឺជាអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្គានីស្ថានអាយុ២៤ឆ្នាំ ហើយបុរសឈាមរាវរូបនេះ ត្រូវបានគេកំណត់អត្តសញ្ញាណ និងចាប់ខ្លួននៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងជាបន្ទាប់ពីការវាយប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយមានការចោទប្រកាន់មួយចំនួនថាប្រព្រឹត្តដោយជនអន្តោប្រវេសន៍។ ជុំវិញគ្រោះថ្នាក់នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុលស៍ (Olaf Scholz) បានលើកឡើងថា៖«អ្នកបើកបរត្រូវតែទទួលទណ្ឌកម្ម ហើយត្រូវតែនិរទេសចេញពីប្រទេសអាល្លឺម៉ង់»។
សូមជម្រាបថា ហេតុការណ៍នេះកើតឡើងនៅមួយថ្ងៃមុនថ្ងៃសន្និសីទសន្តិសុខនៅទីក្រុងមុយនិច ដែលមានមេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និងអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេឌី វ៉ាន់ (JD Vance) នឹងមានវត្តមាន។ អាល្លឺម៉ង់ ក៏ត្រូវរៀបចំការ បោះឆ្នោតសហព័ន្ធនៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខផងដែរ៕

