អ៊ីស្រាអែលគំរាមបំបែកបទឈប់បាញ់នៅហ្គាហ្សា

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញឱសានវាទដល់ក្រុមហាម៉ាស់ ដោយទាមទារឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅរសៀលថ្ងៃសៅរ៍។
លោកបានព្រមានថា ការបរាជ័យក្នុងការធ្វើតាមនឹងនាំឱ្យអ៊ីស្រាអែលបញ្ចប់បទឈប់បាញ់បច្ចុប្បន្ន និងបន្តប្រតិបត្តិការយោធាខ្លាំង នៅហ្គាហ្សាស្ទ្រីប។
ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ក្រុមហាម៉ាសបានដោះលែងអ្នកជាប់ឃុំចំនួន ២១នាក់ក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់សម្រាប់អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ ក្រុមនេះបានគម្រាមបញ្ឈប់ការផ្លាស់ប្តូរបន្ថែមទៀត ដោយចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដោយរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើង ការដាក់កម្រិតលើការផ្តល់ជំនួយមនុស្សធម៌ និងការពន្យារពេលការចរចាសម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់។
ការប្រកាសរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខរយៈពេលបួនម៉ោងកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលដែលលោក និងរដ្ឋមន្ត្រីរបស់លោកបានសម្រេចចិត្តជាឯកច្ឆ័ន្ទដើម្បីបន្តសង្រ្គាមពេញលេញនៅហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់មិនគោរពតាមកាលកំណត់។
លោក Netanyahu បានបន្តថា ដោយមើលឃើញពីការប្រកាសរបស់ហាម៉ាស ទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួនក្នុងការរំលោភលើកិច្ចព្រមព្រៀង និងមិនដោះលែងចំណាប់ខ្មាំងរបស់យើង យប់មិញខ្ញុំបានណែនាំ IDF ឱ្យប្រមូលផ្តុំកងកម្លាំងនៅខាងក្នុង និងជុំវិញតំបន់ហ្គាហ្សាស្ទ្រីប។
