ឯកឧត្ដម សូ ណារ៉ូ៖ ប្រធានាធិបតីហ្វីលីពីន ថ្លែងនូវអំណរព្រះគុណព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គព្រះរាជទាននូវការលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣ នាក់ ដែលស៊ីឈ្នួលពពោះជំនួស
ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកឧត្ដម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានថ្លែងនូវអំណរព្រះគុណព្រះមហាក្សត្រកម្ពុជា ដែលព្រះអង្គបានព្រះរាជទាននូវការលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣ នាក់ដែលស៊ីឈ្នួលពពោះជំនួស។
ឯកឧត្ដម សូ ណារ៉ូ បានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រឡប់មកដល់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្ដម សូ ណារ៉ូ បញ្ជាក់ថា អំឡុងសម្ដេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានថ្លែងនូវអំណរព្រះគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រដែលព្រះអង្គបានព្រះរាជទាននូវការលើកលែងទោសដល់ស្ត្រីហ្វីលីពីនចំនួន ១៣ នាក់ដែលស៊ីឈ្នួលពពោះជំនួស និងត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយក្រោយទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ស្ត្រីហ្វីលីពីនទាំង ១៣ នាក់នោះក៏ត្រូវបានដោះលែង និងវិលទៅកាន់ប្រទេសហ្វីលីពីនវិញ៕