រដ្ឋមន្ត្រីឧស្សាហកម្មបារាំងលើកឡើងថា អឺរ៉ុបគួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរួបរួមចំពោះការដាក់ពន្ធគយចុងក្រោយបង្អស់របស់លោក ដូណាល់ ត្រាំ
ប៉ារីស៖ លោក ម៉ាក ហ្វឺរ៉ាក់ស៊ី រដ្ឋមន្ត្រីឧស្សាហកម្មបារាំង បានលើកឡើងនៅថ្ងៃអង្គារទី១១ ខែកុម្ភៈនេះថា អឺរ៉ុបគួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងរួបរួមចំពោះការដាក់ពន្ធគយចុងក្រោយបង្អស់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
បារាំងមិនមែនជាប្រទេសផលិតអាលុយមីញ៉ូម ឬដែកថែបឈានមុខនោះទេ ប៉ុន្តែលោក ហ្វឺរ៉ាក់ស៊ី និយាយថា ប្រទេសនេះអាចរងផលប៉ះពាល់ដោយប្រយោលដោយពន្ធគយ ប្រសិនបើការនាំចូលរបស់ចិនជាប់គាំងដោយពន្ធអាម៉េរិក បានធ្វើដំណើរទៅកាន់ទីផ្សារអឺរ៉ុប។
លោក ហ្វឺរ៉ាក់ស៊ី បានប្រាប់ទូរទស្សន៍ TF1 TV ថា៖«យើងត្រូវតែរក្សាការរួបរួម យើងត្រូវតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ អឺរ៉ុបមានសមត្ថភាពធ្វើកិច្ចការនេះ»។
គួរជម្រាបថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១០កុម្ភៈ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដាក់ពន្ធ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយគ្មានករណីលើកលែង។ ការណ៍នេះ បានបង្កើនហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសជាច្រើន៕