លោក ត្រាំ ជំរុញឱ្យអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១០ ខែកុម្ភៈ បានជំរុញឱ្យអ៊ីស្រាអែលលុបចោលកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ហើយអនុញ្ញាតឱ្យភាពចលាចលផ្ទុះឡើង ប្រសិនបើក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ចេញពីតំបន់ហ្កាហ្សាត្រឹមថ្ងៃសៅរ៍ម៉ោង១២ ថ្ងៃត្រង់។
លោក ត្រាំ បានសម្ដែងការខកចិត្តចំពោះលក្ខខណ្ឌនៃចំណាប់ខ្មាំងក្រុមចុងក្រោយដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស និងដោយការប្រកាសរបស់ក្រុមសកម្មប្រយុទ្ធពីការបញ្ឈប់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ លោកបានលើកឡើងថា៖«ប្រសិនបើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែងនៅថ្ងៃសៅរ៍ម៉ោង១២ ទេ ខ្ញុំគិតថាបទឈប់បាញ់គួរតែលុបចោល ហើយអនុញ្ញាតឱ្យភាពចលាចលផ្ទុះឡើង»។ លោកចង់ឱ្យចំណាប់ខ្មាំងត្រូវបានដោះលែងជាទ្រង់ទ្រាយធំ មិនមែនម្ដងពីរបីនាក់នោះឡើយ។ បុរសចិត្តឆៅរូបនេះក៏បាននិយាយដែរថា លោកអាចនឹងរារាំងជំនួយដល់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ប្រសិនបើពួកគេមិនយកជនភៀសខ្លួនប៉ាឡេស្ទីនដែលត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់ហ្កាហ្សា។ លោកនឹងជួបជាមួយស្តេចអាប់ឌុលឡា (Abdullah) នៃប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារ។
នៅពេលសួរថាតើប្រជាជនប៉ាឡេស្ទីននឹងមានសិទ្ធិវិលត្រឡប់ទៅកាន់តំបន់ហ្កាហ្សាវិញដែរឬទេ? លោក ត្រាំ បានឆ្លើយថា៖«ទេ ពួកគេនឹងមិនត្រឡប់មកវិញឡើយ ដោយសារតែពួកគេនឹងមានលំនៅដ្ឋានល្អជាងនេះទេ»។ លោកបន្តថា «ខ្ញុំកំពុងនិយាយអំពីការកសាងកន្លែងអចិន្រ្តៃយ៍សម្រាប់ពួកគេ ដោយបន្ថែមថាវានឹងចំណាយពេលច្រើនឆ្នាំដើម្បីឱ្យហ្កាហ្សាក្លាយជាកន្លែងរស់នៅម្ដងទៀត»។
គួររំឭកថា នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៤ ខែកុម្ភៈ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បានស្នើសុំការតាំងទីលំនៅថ្មីសម្រាប់ជនជាតិប៉ាឡេស្ទីនចំនួន២,២ លាននាក់នៅហ្កាហ្សា ហើយសហរដ្ឋអាម៉េរិកនឹងកាន់កាប់តំបន់មាត់សមុទ្រដោយអភិវឌ្ឍវាឡើងវិញទៅជា «Riviera of the Middle East»។
ការផ្ដល់យោបល់របស់លោក ត្រាំ អំពីការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនត្រូវបានច្រានចោលម្ដងហើយម្ដងទៀតដោយអ្នកស្រុកហ្កាហ្សា និងរដ្ឋអារ៉ាប់។ ប្រទេសជិតខាងអារ៉ាប់របស់អ៊ីស្រាអែល រួមទាំងអេហ្ស៊ីប និងហ្ស៊កដានី អះអាងថា ផែនការណាមួយក្នុងការផ្លាស់ទីជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេនឹងធ្វើឱ្យតំបន់មានអស្ថិរភាព។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលបទឈប់បាញ់ដ៏ផុយស្រួយដែលបានឈានដល់កាលពីខែមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺស្ថិតក្នុងហានិភ័យនៃការដួលរលំ បន្ទាប់ពីក្រុមហាម៉ាសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ឈប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជុំវិញការចោទប្រកាន់អ៊ីស្រាអែលបំពានលើកិច្ចព្រមព្រៀងនេះ៕

