សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្ត្រីឡេីយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ជាថ្មីថា ទោះសម្ដេចជាឪពុកនាយករដ្ឋមន្ត្រីក៏ពិតមែន តែសម្ដេចនឹងមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្ត្រីឡេីយ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានឆ្លេីយតបទៅកាន់ជនបរទេសមួយក្ដាប់ដែលនិយមនិយាយពាក្យ«តេីនៅពីក្រោយហ៊ុន សែន ជាអ្នកណា» និងពាក្យ«កាលណាហ៊ុន ម៉ាណែត ដេីរចេញពីស្រមោលឪពុក ឬក្រុមបន្តវេនពេលណាដេីរចេញពីបន្ទាត់នយោបាយរបស់គណបក្សប្រជាជន» ថា ត្រូវសិក្សាពីច្បាប់បោះឆ្នោតឱ្យបានច្បាស់ ហេីយសូមបញ្ឈប់ការសរសេរ ឬអត្ថាធិប្បាយនូវពាក្យទាំងនេះ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅបរទេស និងអ្នកសរសេរ ឬអត្ថាធិប្បាយនៅក្រៅស្រុកទាំងនោះថា ត្រូវរៀនសូត្រឱ្យបានជ្រៅបន្ដិច ឱ្យបានខ្ពស់បន្តិចនិង ត្រូវមានចំណេះដឹងបន្ដិច៕

