តៃវ៉ាន់ ចាប់អារម្មណ៍ខ្លាំងលើការទិញឧស្ម័នធម្មជាតិពីអាឡាស្កា

តៃប៉ិ៖ ក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃចន្ទទី១០ ខែកុម្ភៈថា តៃវ៉ាន់ចាប់អារម្មណ៍ខ្លាំងលើការទិញឧស្ម័នធម្មជាតិពីអាឡាស្កា ហើយនឹងបន្តវាយតម្លៃលទ្ធភាពនៃការទិញ ខណៈដែលរដ្ឋាភិបាលសម្លឹងមើលការបង្រួមអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
តៃវ៉ាន់មានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយសហរដ្ឋអាម៉េរិក ដែលបានកើនឡើង៨៣ ភាគរយកាលពីឆ្នាំមុន ជាមួយនឹងការនាំចេញរបស់កោះនេះទៅកាន់សហរដ្ឋអាម៉េរិកបានឈានដល់កំណត់ត្រា១១១,៤ ពាន់លានដុល្លារ ដែលជំរុញដោយតម្រូវការសម្រាប់ផលិតផលបច្ចេកវិទ្យាខ្ពស់ដូចជា semiconductors ។ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់ បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋ CPC គឺពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឧស្ម័នធម្មជាតិរបស់រដ្ឋអាឡាស្កា ហើយនឹងបន្តវាយតម្លៃលទ្ធភាពនេះ ហើយក៏មានឆន្ទៈក្នុងការទិញបន្ថែម»។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់តៃវ៉ាន់ បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា CPC កំពុងពិភាក្សាជាមួយក្រុមហ៊ុនអាឡាស្កាដែលមិនបញ្ចេញឈ្មោះ ក្នុងក្ដីសង្ឃឹមថានឹងកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ឧស្ម័នធម្មជាតិរបស់តៃវ៉ាន់ភាគច្រើនបានមកពីប្រទេសអូស្ត្រាលី និងកាតា ជាមួយនឹងការនាំចូលពីសហរដ្ឋអាម៉េរិកបង្កើតបានប្រហែល១០ ភាគរយនៃការផ្គត់ផ្គង់។ នៅឆ្នាំ២០២១ CPC បានចាប់ផ្តើមទទួលទិញឧស្ម័នធម្មជាតិរាវពីក្រុមហ៊ុន Cheniere Energy ក្រោមកិច្ចព្រមព្រៀង២៥ ឆ្នាំដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុនអាម៉េរិកក្នុងឆ្នាំ២០១៨ ភ្លាមៗមុនពេលប្រធានាធិបតីតៃវ៉ាន់នាពេលនោះ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក។
បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោក គួច ជីហឿយ (Kuo Jyh-huei) តៃវ៉ាន់អាចយកគំរូតាមជប៉ុន ក្នុងការនាំចូលថាមពលពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។ គួរជម្រាបថា ជប៉ុននឹងចាប់ផ្តើមនាំចូលឧស្ម័នធម្មជាតិរាវក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិកឆាប់ៗនេះ បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba)៕

