ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម និងលោកជំទាវរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ហើយនិងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួន។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និងឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន។ សម្តេចធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋហ្វីលីពីននាពេលខាងមុខ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ រវាងប្រទេសទាំងពីរ ៕

