សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យស្ថាប័ន និងជំនាញពាក់ព័ន្ធ ជួយពន្លឿនធ្វើយ៉ាងណា ដើម្បីឱ្យច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ចេញឱ្យបានឆាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើដល់ស្ថាប័ន និងជំនាញពាក់ព័ន្ធសូមជួយពន្លឿនធ្វើយ៉ាងណា ដើម្បីឱ្យច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត (Cyber Crime) ចេញឱ្យបានឆាប់។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្ដេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រឹងលើការអនុវត្តសមត្ថភាពលើវិស័យឌីជីថលនេះបន្ថែមទៀត ជាពិសេសលើគោលនយោបាយរដ្ឋាភិបាលឌីជីល និងពលរដ្ឋឌីជីថល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ និងកោតសរសើរដល់កូនខ្មែរជាច្រើនដែលអាចបង្កើតកម្មវិធីទូរស័ព្ទ និងកម្មវិធីអេហ្វជាច្រើន ដើម្បីផ្ដល់សេវា និងព័ត៌មានលឿន រហ័សទៅដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី បានរម្លឹកឡើងថា បច្ចេកវិទ្យា ឌីជីថលបានចូលរួមដោះស្រាយបញ្ហាបានយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដូចជាការទិញទំនិញតាមអេហ្វ និងការបើកកិច្ចប្រជុំ និងរៀនសូត្រតាមអនឡាញជាដើម ៕

