កំណើនសត្វមូសកំពុងរំខានដល់ការរស់នៅប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

នាពេលថ្មីៗនេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះអំពីការលំបាក និងក្ដីកង្វល់ចំពោះករណីមានកំណើនសត្វមូសច្រើន ដែលប្រការនេះបានធ្វើឱ្យពួកគេត្រូវប្រឈមការរំខានយ៉ាងខ្លាំងពីសំណាក់សត្វមូស និងព្រួយបារម្ភពីជំងឺគ្រុនឈាម។
ជាក់ស្ដែង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានបុរសម្នាក់ប្រើប្រាស់គណនីឈ្មោះ «Song Sovannara សុង សុវណ្ណារ៉ា» បានបង្ហោះសារដែលមានខ្លឹមសារថា៖ ជួយគ្រួសារខ្ញុំផង! Borey Peng Huoth ម្ដុំផ្ទះខ្ញុំមូសច្រើនណាស់។ ជាក់ស្ដែងក្រោយមានការបង្ហោះសារនេះមិនដល់ប៉ុន្មានម៉ោងផង ក៏មានប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិន ដោយបង្ហាញពីក្ដីកង្វល់ចំពោះបញ្ហាកំណើនសត្វមូសនេះផងដែរ។
ទន្ទឹមនឹងការខមិន ក៏មានប្រជាពលរដ្ឋមួយចំនួនទៀតដែលបានចែករំលែក សារដែលបង្ហាញដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Song Sovannara សុង សុវណ្ណារ៉ា» និងបានលើកឡើងថា នៅតំបន់ដែលខ្លួនរស់នៅក៏សម្បូរមូសដូចគ្នា ពោលតំបន់ទាំងនោះ គឺសុទ្ធសឹងតែនៅក្នុងរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋដែលអ្នកប្រើប្រាស់បណ្ដាញសង្គម បានស្នើសុំ និងអំពាវនាវដល់អាជ្ញាធររាជធានីភ្នំពេញ ជួយចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមតំបន់ដែលអាចជាកន្លែងកកើតមូសផង បើពុំដូច្នេះទេ ប្រជាពលរដ្ឋនឹងជួបការរំខានខ្លាំងដោយសារតែកំណើនកើនឡើងនៃសត្វមូសនេះ។
គួរឱ្យដឹងថា សត្វមូសជាប្រភេទសត្វដែលអាចបង្កឱ្យមនុស្សប្រឈមគ្រោះថ្នាក់ដល់ជីវិតបាន បើពុំបានទទួលការព្យាបាលទាន់ពេល និងត្រឹមត្រូវនោះទេ ជាពិសេសប្រភេទសត្វមូសខ្លាញី ដែលវាអាចខាំមនុស្សរហូតដល់កើតជំងឺគ្រុនឈាមដែលជាជំងឺអាចឆក់យកជីវិតមនុស្សបានគ្រប់ពេល៕

អត្ថបទ៖ ព្រួញទេព
