បទវិភាគ៖ការព្យាបាលជំងឺក្នុងពីខាងក្រៅមិនអាចដោះស្រាយបញ្ហារបស់សហរដ្ឋអាមេរិកបានទេ

កាលពីថ្ងៃទី១ខែកុម្ភៈតាមម៉ោងតំបន់ភាគខាងកើតសហរដ្ឋអាមេរិក ភាគីអាមេរិកបានប្រកាសដំឡើងពន្ធគយ១០ភាគរយលើទំនិញចិនដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស ។ ទង្វើដ៏ខុសឆ្គងនេះគឺល្មើសនឹងក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក បំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងអាមេរិក ហើយក៏នាំមកនូវឥទ្ធិពលអវិជ្ជមានកាន់តែច្រើនដល់សេដ្ឋកិច្ចអាមេរិកផងដែរ ។
ថ្នាំហ្វេនតានីលគឺជាប្រភេទថ្នាំអាភៀនកម្រិតខ្លាំង ថ្នាំនេះបានក្លាយជាគ្រឿងញៀននៅសហរដ្ឋអាមេរិក គឺដោយមកពីវាទាក់ទងនឹងតម្រូវការប្រើប្រាស់យ៉ាងអនាធិបតេយ្យដ៏ធំសម្បើមនិងខ្សែសង្វាក់ផលប្រយោជន៍នៃសង្គមអាមេរិក ហើយក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការគ្រប់គ្រងដោយអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកដែរ ។ អាចឃើញថា បញ្ហាថ្នាំហ្វេនតានីលជាផលអាក្រក់មួយនៃការគ្រប់គ្រងគ្មានប្រសិទ្ធភាពនៅក្នុងស្រុករបស់សហរដ្ឋអាមេរិក ។ ភាគីអាមេរិកបានធ្វើឱ្យប្រធានបទសុខភាពសាធារណៈផ្សារភ្ជាប់ជាមួយការដាក់សម្ពាធខាងពន្ធគយ វាមិនត្រឹមតែមិនបានរកឃើញប្រភពនៃបញ្ហាប៉ុណ្ណោះទេ ថែមទាំងក៏អាចនឹងធ្វើឱ្យការបដិបក្ខគ្នាខាងនយោបាយកាន់តែខ្លាំង ដែលរារាំងដល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាថ្នាំហ្វេនតានីលដែរ ។
តាមការពិត ប្រទេសចិនជាប្រទេសមួយដែលមានគោលនយោបាយហាមឃាត់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតលើពិភពលោក ដែលបានប្រកាសរឹតបន្ដឹងទាំងស្រុងលើសារធាតុហ្វេនតានីលជាផ្លូវការនៅឆ្នាំ២០១៩ គឺជាប្រទេសដំបូងគេដែលចាត់វិធានការបែបនេះលើពិភពលោក ។ តាមសេចក្ដីរាយការណ៍នៃស្ថាប័នអនុវត្តច្បាប់ខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដូចជានាយកដ្ឋានគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិកជាដើមបានឱ្យដឹងថា ចាប់ពីខែកញ្ញាឆ្នាំ២០១៩មកទល់បច្ចុប្បន្ននេះ ភាគីអាមេរិកមិនដែលឆែករកឃើញនូវសារធាតុហ្វេនតានីលដែលមកពីប្រទេសចិនបានទេ ។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិកបន្តឃោសនាបំប៉ោងពីអ្វីដែលហៅថា បញ្ហាថ្នាំហ្វេនតានីលច្បាស់ជាបង្កប់នូវបំណងទុច្ចរិត ។
តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា គ្រឿងឧបភោគបរិភោគនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃដូចជាប្រភេទត្រី ប្រេងរុក្ខជាតិ បន្លែ(ជាពិសេសគឺពោត) ផ្លែឈើនិងគ្រាប់ធញ្ញជាតិ សាប៊ូដុំ តែនិងគ្រឿងក្រអូបជាដើមដែលនាំចូលពីប្រទេសចិន សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌនៃការដំឡើងពន្ធគយលើកនេះ ។ ក្រៅពីនេះ ដោយមកពីចិនមានគុណសម្បត្តិយ៉ាងលេចធ្លោក្នុងការនាំចេញផលិតផលប្រើប្រាស់អេឡិចត្រូនិក ស្បែកជើងនិងសម្ភារៈក្មេងលេងជាដើម ដូច្នេះ ការដំឡើងពន្ធគយលើទំនិញទាំងនេះក៏នឹងបង្កផលប៉ះពាល់ចំពោះប្រជាជនអាមេរិកដែរ ។ តាមការប៉ាន់ប្រមាណនៃសហព័ន្ធពាណិជ្ជករលក់រាយទូទាំងសហរដ្ឋអាមេរិកឱ្យដឹងថា ការដំឡើងពន្ធគយប្រហែលនឹងនាំឱ្យអ្នកប្រើប្រាស់បង់លុយបន្ថែមថែមទៀតពី៦ពាន់៤រយលានដល់១ម៉ឺន៩រយលានដុល្លារអាមេរិកត្រឹមតែលើផលិតផលអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ ។
ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ឱកាសការងាររបស់ជនជាតិអាមេរិកក៏នឹងរងផលប៉ះពាល់ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់រងការរំខានពីពន្ធគយដែរ ។ គណៈកម្មាធិការទូទាំងប្រទេសអំពីពាណិជ្ជកម្មអាមេរិក-ចិនបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីខែមករាឆ្នាំ២០២១ ដោយលើកឡើងថា គោលនយោបាយពាណិជ្ជកម្មនៃរដ្ឋាភិបាលលោកត្រាំអាណត្តិមុនបាននាំឱ្យអាមេរិកខាតបង់ឱកាសការងារចំនួន២សែន៤ម៉ឺន៥ពាន់កន្លែង ។
បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក សហរដ្ឋអាមេរិកដំឡើងពន្ធគយដោយឯកតោភាគីនឹងញ៉ាំងឱ្យរដ្ឋសមាជិកពាណិជ្ជកម្មផ្សេងទៀតមិនពេញចិត្តយ៉ាងខ្លាំងរហូតដល់វាយបកទៅវិញ ។ បច្ចុប្បន្ននេះ កាណាដាដែលត្រូវសហរដ្ឋអាមេរិកដំឡើងពន្ធគយដូចគ្នាបានប្រកាសថា នឹងដំឡើងពន្ធគយ២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិកក្នុងតម្លៃ១សែន៥ម៉ឺន៥ពាន់លានដុល្លារកាណាដា ។ ម៉ិកស៊ិកក៏បានថ្លែងថា នឹងចាត់វិធានការតបតវិញដែលនឹងដំឡើងពន្ធគយលើទំនិញអាមេរិកដែលនាំចូលមកម៉ិកស៊ិកផងដែរ ។ សហគមន៍អន្តរជាតិបានព្រួយបារម្ភជាទូទៅថា ប្រសិនបើធ្លាក់ចូលក្នុងវដ្ដសងសឹកនិងប្រឆាំងការសងសឹកនោះ ប្រហែលនឹងបណ្តាលឱ្យផ្ទុះសង្គ្រាមពាណិជ្ជកម្មសកល ដែលបង្អន់ល្បឿនកំណើននៃសេដ្ឋកិច្ចសកល ។
សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ ។ ការព្យាបាលជំងឺក្នុងពីខាងក្រៅនិងទម្លាក់កំហុសឱ្យគេគឺមិនអាចដោះស្រាយបញ្ហារបស់សហរដ្ឋអាមេរិកបានទេ ។ រំពឹងថា ភាគីអាមេរិកអាចប្រើក្រសែភ្នែកសត្យានុម័តនិងប្រកបដោយវិចារណញ្ញាណទៅមើលនិងដោះស្រាយបញ្ហារបស់ខ្លួនដូចជាថ្នាំហ្វេនតានីលជាដើម កុំយកវាធ្វើជាលេសដើម្បីប្រើល្បិចកលពន្ធគយទៅគំរាមកំហែងប្រទេសដទៃ។ បើចិននិងអាមេរិកចុះសម្រុងគ្នា ទើបអាចទទួលផលប្រយោជន៍រួមគ្នា តែបើប្រយុទ្ធគ្នាវាមានតែខាតបង់ទាំងសងខាង បទពិសោធន៍ប្រវត្តិសាស្ត្រនេះនឹងត្រូវបានបញ្ជាក់ពីការពិតជាក់ស្តែងបន្តទៀត ៕
