ឥណ្ឌា និងចិន យល់ព្រមបន្តសេវាកម្មអាកាសចរណ៍ឡើងវិញ បន្ទាប់ពីការប៉ះទង្គិចយោធាកាលពីឆ្នាំ២០២០

ញូវដេលី៖ ប្រទេសឥណ្ឌា និងចិន បានយល់ព្រមបន្តសេវាកម្មអាកាសចរណ៍ឡើងវិញ បន្ទាប់ពីការប៉ះទង្គិចយោធាឆ្នាំ២០២០ នៅលើព្រំដែនដែលមានវិវាទ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌា។
មន្ត្រីក្រសួងការបរទេសឥណ្ឌា បាននិយាយបន្ទាប់ពីកិច្ចប្រជុំរវាងអ្នកការទូតជាន់ខ្ពស់ប្រទេសទាំងពីរថា ភាគីឥណ្ឌា និងចិន នឹងចរចាលើក្របខ័ណ្ឌស្តីពីការហោះហើរនៅក្នុងកិច្ចប្រជុំមួយត្រូវបានធ្វើឡើងនាពេលខាងមុខ។
ភាពតានតឹងបានជះឥទ្ធិពលរវាងប្រទេសទាំងពីរ បន្ទាប់ពីការប៉ះទង្គិចគ្នានៅឆ្នាំ២០២០ ដោយប្រទេសឥណ្ឌាបានបង្កើនផលលំបាកសម្រាប់ក្រុមហ៊ុនចិនវិនិយោគក្នុងប្រទេសខ្លួន បិទកម្មវិធីចិនមានប្រជាប្រិយភាពជាច្រើន និងបិទជើងហោះហើររបស់អ្នកដំណើរ តែជើងហោះហើរដឹកទំនិញដោយផ្ទាល់នៅតែបន្តដំណើរការរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងប្រទេសក្បែរខាងទាំងពីរ បានប្រសើរឡើងក្នុងរយៈពេល៤ខែកន្លងមកនេះ ដោយសារកិច្ចប្រជុំថ្នាក់ខ្ពស់ជាច្រើនរួមមាន៖ កិច្ចពិភាក្សារវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តី ណារិន ដ្រាម៉ូឌី នៅប្រទេសរុស្ស៊ី កាលពីខែតុលា។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់អគ្គលេខាធិការការបរទេសឥណ្ឌា លោក វីក្រាម មីស្រ៊ី (Vikram Misri) នៅរដ្ឋធានីប៉េកាំងថា ប្រទេសទាំងពីរគួរតែធ្វើការក្នុងទិសដៅដូចគ្នា ស្វែងយល់បន្ថែមនូវវិធានការច្បាស់លាស់ និងប្តេជ្ញាចិត្តក្នុងការយោគយល់គ្នាទៅវិញទៅមក។
ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការព្រួយបារម្ភជាក់លាក់នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ត្រូវបានពិភាក្សាដោយមានគោលបំណងដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់តម្លាភាព»។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំចុងក្រោយបង្អស់រវាងមហាអំណាចអាស៊ីទាំង២ បន្ទាប់ពីកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងខែតុលា ដែលព្យាយាមបន្ធូរបន្ថយការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនរបស់ពួកគេ។
សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមិថុនាថា រដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានស្នើឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌា បង្កើតតំណភ្ជាប់អាកាសចរណ៍ត្រង់ឡើងវិញ ប៉ុន្តែរដ្ឋធានីញូវដេលីបានបដិសេធដោយសារជម្លោះព្រំដែនបន្តដាក់សម្ពាធលើចំណងមិត្តភាព។ កាលពីខែតុលា ប្រភពពីមន្ត្រីរដ្ឋាភិបាលឥណ្ឌា២រូបប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌានឹងពិចារណាបើកជើងហោះហើរត្រង់ឡើងវិញ ហើយចាប់ផ្តើមការអនុម័តទិដ្ឋាការយ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរ ក៏បានយល់ព្រមបន្តការសន្ទនាឡើងវិញសម្រាប់ការផ្លាស់ប្ដូរមុខងារ ជាមួយកិច្ចប្រជុំដំបូងនៃយន្តការកម្រិតជាតិឥណ្ឌា-ចិន។ លោក វ៉ាង ថ្លែងក្នុងកិច្ចប្រជុំនេះថា ប្រទេសចិន និងឥណ្ឌាគួរតែប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមក ជំនួសឱ្យការមិនទុកចិត្តគ្នា និងអរិភាព៕

