រកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គ ក្នុងស្រុកសំបូរ

ភ្នំពេញ៖ កាលពីថ្ងៃទី២៧មករា ឆ្នាំ២០២៥ តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែប ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានប្រកាសពីដំណឹងរីករាយ ក្រោយរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរដំបូងគេបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អង្គការសមាគមអភិរក្សសត្វព្រៃ អះអាងថា ក្រុមការងាររំពឹងថា នឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមពីខែមករា រហូតដល់ខែឧសភា។
WCS បន្ថែមថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក មានពងសរុបចំនួន៧២៩២គ្រាប់ និងញាស់បាន៣៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារបានកត់សម្គាល់ឃើញថា សម្បុកសត្វកន្ធាយក្បាលកង្កែបនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤តែប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។
សូមជម្រាបថា កន្ធាយក្បាលកង្កែប ជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថា ផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ។ ប៉ុន្តែដល់ឆ្នាំ២០០៧ ក្រុមការងារស្រាវជ្រាវអណ្ដើក និងកន្ធាយ បានរកឃើញវត្តមានរបស់វាឡើងវិញនៅចន្លោះប្រមាណ៤៨គីឡូម៉ែត្រ នៃដងទន្លេមេគង្គពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

