នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និង App NoDrug គឺជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និង App NoDrug គឺជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះនៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មាន គ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានថ្លែងស្វាគមន៍និងរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលកើតចេញពីការរួមគ្នារបស់អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការល្អកម្ពុជា ថៃដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមភូមិនិងសហគមន៍។ ប្រសិនបើសហគមន៍នៅតែមានបញ្ហាគ្រឿងញៀនគឺភូមិនិងសហគមន៍នោះនឹងបន្តប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងជីវភាពប្រជាពលរដ្ឋ។
ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជុងជ្រោយនៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ពិតជារនាំងឃាំងខ្ទប់បញ្ហាគ្រឿងញៀនកុំឲ្យឆ្លងកាត់ព្រំដែនប្រទេសយើងទាំងបី។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបន្តថា ការសម្អាតចក ឬយកចកចេញពីបឹងគឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានព្រោះរឿងរ៉ាវឬបញ្ហាទាំងអស់គឺកើតមាននូវក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ដូច្នេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ គឺត្រូវតែចូលរួមធ្វើឲ្យសម្រេចបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយត្រូវកំណត់ទីតាំងក្នុងភូមិឱ្យបានច្បាស់លាស់ដើម្បីរាំងខ្ទប់បញ្ហាគ្រឿងញៀនកុំឲ្យរាលដាល តាមរយៈការប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ផ្សព្វផ្សាយ អប់រំ បង្ការ បង្ក្រាប និងបំផុសឲ្យប្រជាពលរដ្ឋយើងទាញយកនិងប្រើប្រាស់ App NoDrug ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពស័ក្តិសិទ្ធភាពក្នុងការផ្ដល់ព័ត៌មាន រាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀននោះចេញពីសហគមន៍ ៕

