សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល នៅតែចាត់ទុកក្រសួងសាធារណការ និងដឹកជញ្ជូន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានៅតែចាត់ទុកក្រសួងសាធារណការ និងដឹកជញ្ជូន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នារសៀលថ្ងៃទី២៣ មករានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរដល់មន្រ្ដីរាជការនៃក្រសួងសាធារណការ និងដឹកញ្ជូនដែលបានខិតខំបំពេញការងារទទួលបានសមិទ្ធផលជាច្រើនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
សម្ដេចបវរធិបតី បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មាន១៧ខែកន្លងមកនេះ រាជរដ្ឋាភិបាលបានសម្ពោធសមិទ្ធផលធំៗ ជាច្រើនទាំងផ្លូវទឹកផ្លូវគោកផ្លូវអាកាស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា តាំងពីដើមអាណ្តិទី៧ ក្រសួងសាធារណការ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះទី១.បានលើកកម្ពស់សេវាដឹកញ្ជួនតាមរយៈការអភិវឌ្ឍ និងលើកកម្ពស់បច្ចេកវិទ្យាឌីជីថលប្រកបដោយតម្លាភាព និងទំនុកចិត្ត។ ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទិក ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងព្រលានយន្តហោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចរាល់ជាបន្តបន្ទាប់ ៕

