ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តពោធិ៍សាត់

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តពោធិ៍សាត់។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលស្រុក/ក្រុង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ អាជ្ញាធរឃុំ/សង្កាត់ វិស័យឯកជន អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៤២៣នាក់។
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេលមួយថ្ងៃកន្លះ សន្និបាតរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយសមាជិក សមាជិកា បានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន លើប្រធានបទ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ការគ្រប់គ្រងសំណល់ សក្តានុពល នៃប្រព័ន្ធធារាសាស្រ្ត ការចុះបញ្ជីដីធ្លីបង្ហើយ និងអត្ថប្រយោជន៍ នៃការចុះបញ្ជីដីធ្លី។ ជាមួយគ្នានោះ អង្គសន្និបាតបានផ្តោតការយកចិត្តទុកដាក់ សំខាន់បញ្ហាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្មេងទំនើង ការជួញដូរមនុស្ស ការផ្តល់សេវាសាធារណៈជូនប្រជាជន ការអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្ពោះទៅរកគុណភាព វិធានការបង្កាទប់ស្កាត់នេសាទ ព្រៃឈើខុសច្បាប់ វិធានការដឹកជញ្ជួនលើសទម្ងន់កំណត់ យន្តការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ទាំងបទអន្តរាគមន៍ ក៏ដូចជាកិច្ចពិភាក្សា បានផ្តោតសំខាន់លទ្ធផលការងារលើបញ្ហាប្រឈម ដំណោះស្រាយសំណូមពរ ជាគន្លឹះដើម្បីធានាមានប្រសិទ្ធិភាព និងធាតុចូលរួម ក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តទិសដៅរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នៅចំពោះមុខរដ្ឋបាលខេត្តបន្តការខិតខំពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធ និងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ពុះពារជំនៈដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខុមាលភាពវិបុលសុខជូនប្រជាជនទូទាំងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជាមានសារៈសំខាន់ជាច្រើន ចំពោះមន្ត្រីរាជការ ក្នុងការលុបបំបាត់ភាពអសកម្ម អំពើពួករលួយ និងមានតម្លាភាព ពិសេសក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋាន និងរួមចំណែកយ៉ាងសកម្ម លើការងារកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើង។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្តពោធិ៍សាត់ ទទួលបានក្នុងឆ្នាំ២០២៤ ក៏ដោយក៏នៅមានបញ្ហាប្រឈមត្រូវរួមគ្នាបន្តដោះស្រាយ និងខិតខំសម្រេចឱ្យបាននូវទិសដៅ ជាយុទ្ធសាស្ត្រសំខាន់ៗ គឺខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជម្រុញ និងអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សំដៅធានាឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចខ្ពស់ សម្រាប់ជាមូលដ្ឋាននិងខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណូមពរ សំណើ និងតម្រូវការចាំបាច់ ដែលពាក់ព័ន្ធទៅនឹងជីវភាពប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានដាក់ចេញទិសដៅសំខាន់ៗ សម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានតម្លាភាព គណនេយ្យភាព ត្រូវការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តច្បាប់ ថែរក្សាការពារធនធានធម្មជាតិ ជាពិសេសនៅតំបន់ភ្នំ១៥០០ ឬហៅថាផ្លូវអន្ទង់អាំង ក្នុងឃុំអន្លង់រាប ស្រុកវាលវែង។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានបំពាក់គ្រឿងឥស្សរយស ដល់មន្ត្រីរាជការដែលមានស្នាដៃ ចំណុះរដ្ឋបាលសាលាខេត្ត រួមមានគ្រឿងឥស្សរិយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២រូប មុនីសារាភ័ណ្ឌ ថ្នាក់មហាសិរីវឌ្ឍន៍ ចំនួន១រូប ថ្នាក់មហាសេនា ចំនួន២រូប ថ្នាក់ធិមឌិន្ទ ចំនួន៣រូប ថ្នាក់សេនា ចំនួន៥រូប ថ្នាក់អស្សឬទ្ធិ ចំនួន៧រូប មេដាយមាសការងារ ចំនួន៩រូប មេដាយប្រាក់ ចំនួន៤រូប និងមេដាយសំរិទ្ធិ ចំនួន៤រូបនាពេលនោះផងដែរ ៕

