ស្លាប់៦នាក់ និងរបួស ៣១នាក់ ក្នុងករណីអគ្គិភ័យ លេបត្របាក់សណ្ឋាគាររមណីយដ្ឋានជិះស្គីមួយកន្លែង នៅភាគពាយ័ព្យតួកគី

អង់ការ៉ា៖ ទូរទស្សន៍រដ្ឋតួកគី TRT បានរាយការណ៍នៅថ្ងៃអង្គារទី២១ ខែមករានេះថា អគ្គិភ័យបានលេបត្របាក់សណ្ឋាគាររមណីយដ្ឋានជិះស្គីមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសតួកគី ដោយបានសម្លាប់មនុស្ស៦នាក់ និងបង្ករបួស៣១នាក់។
អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅជាន់ទី៤នៃសណ្ឋាគារ១១ជាន់នៅក្នុងរមណីយដ្ឋានជិះស្គី Kartalkaya នៅទីក្រុងបូលូ នាថ្ងៃអង្គារនេះ ខណៈអ្នកពន្លត់អគ្គិភ័យកំពុងតែដុតដៃដុតជើងដើម្បីពន្លត់ភ្លើងមច្ចុរាជ។ នេះបើតាមអភិបាលក្រុងបូលូ។ អភិបាលរូបនេះបានបន្តថា មូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរនឹងស៊ើបអង្កេតបន្ថែមទៀត។
គួរបញ្ជាក់ថា នៅសណ្ឋាគារនោះមានភ្ញៀវចំនួន២៣៤នាក់៕

