លោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៧ ជាផ្លូវការ ខណៈពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលរបស់លោក

វ៉ាស៊ីនតោន៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ ប៉ុន្តែមិនមែនជាអាណត្តិជាប់គ្នាទេ បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ២០២០ តែបានវិលត្រឡប់មកឈ្នះវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតឆ្នាំ ២០២៤។
ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋី
ពិភពលោក ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។
ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។
ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលទីពីររបស់លោក ដូណាល់ ត្រាំ៕

