សម្តេចធិបតី៖ បើគណបក្សប្រជាជន នៅតែឈ្នះឆ្នោត ប្រទេសនឹងមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើសិនគណបក្សប្រជាជនកម្ពុជានៅបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល នឹងមានការអភិវឌ្ឍប្រទេសជាតិកាន់រីកចម្រើនជាងនេះទៅទៀត។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា នៅហ្នឹងគិតថាយើងនៅជាមួយគ្នារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងនឹងបន្តធ្វើការអភិវឌ្ឍប្រទេសឱ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែប្រសើរជាងនេះ»។
សម្តេចធិបតី បានគូសបញ្ជាក់ថា កន្លែងនេះល្អជាប៉ុណ្ណឹងប្រសើរជាង៥ឬ៦ឆ្នាំមុន ហើយ៥ឆ្នាំ ឬ១០ឆ្នាំក្រោយនឹងល្អជាងនេះទៀត ហើយ២០ឆ្នាំនិង៣០ឆ្នាំក្រោយនឹងកាន់តែល្អបន្ថែមទៀត ដែលនេះជាអ្វីដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមអរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ដែលមានការជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋលើសំណាក់រាជរដ្ឋាភិបាលក្នុងដឹកនាំប្រទេសនឹងធ្វើការអភិវឌ្ឍ មិនថាតិចឬច្រើនរួមទាំងនៅខេត្តពោធិ៍សាត់ទាក់ទិននឹងទីតាំងសម្ពោធដាក់សំណើរការនៅថ្ងៃនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លែងនេះពីមុនមកមានការពិបាកខ្លាំងណាស់ ក៏ប៉ុន្តែដោយសារមានយកចិត្តទុកដាក់ពីប្រមុខដឹកនាំនៅក្នុងអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបមានការអភិឌ្ឍ ៕

