សម្ដេចធិបតី ហ៊ុន ម៉ាណែត ហៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជាទណ្ឌិតជើង១០ ភ្នែក៥

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធ “សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់” នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានហៅជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ជាទណ្ឌិតជើង១០ ភ្នែក៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកបានចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្នមានអ្នកវិភាគ ឬបណ្ឌិត ជើង១០ ភ្នែក៣ និងទណ្ឌិតជើង១០ភ្នែក៥ ពួកគេអង្គុយរិះគន់ពីក្រៅប្រទេសមកកម្ពុជា តាមរយៈកាំមេរ៉ាមួយ ភ្នែកពីរដោយមិនដឹងរឿងអ្វីទាល់តែសោះ ប៉ុន្ដែពួកគេអះអាងថា ពួកគេស្រឡាញ់កសិករ ខណៈសកម្មភាពពួកគេ គឺដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយរបស់ពួកគេប៉ុណ្ណោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រុមជ្រុលនិយម ជាពិសេសទណ្ឌិតជើង១០ភ្នែក៥ មួយថ្ងៃៗដើរទៅជួបប្រទេសនេះប្រទេសនោះ ដើម្បីតែស្នើឱ្យគេកាត់ជំនួយនេះ ជំនួយនោះពីកម្ពុជា ហើយប្រកាសថាស្រឡាញ់ ប្រជាជនកម្ពុជាណាស់។ សម្ដេចមានប្រសាសន៍ថា បើអ្នកស្រឡាញ់ប្រជាជនហេតុអ្វីអ្នកមិនទៅស្នើឱ្យគេជួយកម្ពុជា និងជួយប្រជាជនកម្ពុជា ៕

