ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក សរុបចំនួន ៥៨នាក់ ស្រី ១៥នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព និងទិសដៅការងារដោយ លោកប្រធាននាយកដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ក្នុងនាយកដ្ឋាន ដែលបានខិតខំបំពេញការងារឱ្យសម្រេចលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានោះដែរ ដើម្បីចូលរួមអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនលើការងារពង្រឹងគុណភាពអង្គភាព និងបុគ្គលិកដូចខាងក្រោម៖
– ត្រូវបន្ដពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងមន្ដ្រី និងគ្រប់គ្រងអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល
– បន្ដបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ដ្រី លើជំនាញចាំបាច់ និងភាពជាអ្នកដឹកនាំក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនសន្ទុះការងារឱ្យកាន់តែលឿនបន្ថែមទៀត ឱ្យឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន
– បន្ដអនុវត្តការលើកទឹកចិត្តមន្ដ្រីរាជការ ដោយការផ្ដល់គ្រឿងឥស្សរិយយស និងការដំឡើងឋានន្ដរសក្ដិ ដោយប្រើប្រាស់ប្រព័ន្ធវាយតម្លៃប្រកបដោយភាពសុក្រឹត
– ត្រូវរៀបចំផែនការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ដ្រី តារយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូត និងដៃគូអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលលើការពង្រឹងសមត្ថភាព
– ត្រូវរៀបចំផែនការជ្រើសរើសមន្ដ្រីថ្មីដែលមានគុណវុឌ្ឍិ និងគុណាធិបតេយ្យ តាមតម្រូវការការងារក្នុងអង្គភាពនីមួយៗ
– ត្រូវបន្ដអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងឱ្យបានខ្ជាប់ខ្ជួន និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរដើម្បីឱ្យអង្គភាពមានការរីកចម្រើនប្រកបដោយសុខដុមរមនា៕

