ស្រីលង្កា ធានាការវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់ ក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច នឹងបោះទុន ៣,៧ពាន់លានដុល្លារ កសាងរោងចក្រចម្រាញ់ប្រេងទំនើបមួយ

ប៉េកាំង៖ ស្រីលង្កា បានធានានូវការវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច (Sinopec)។ ក្រុមហ៊ុនចិននឹងបោះទុន៣,៧ពាន់លានដុល្លារអាម៉េរិកកសាងរោងចក្រចម្រាញ់ប្រេងទំនើបមួយ ។
ក្រុមហ៊ុនស៊ីណូប៉ិច បានយល់ព្រមបោះទុនវិនិយោគ៣,៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងទំនើប មានសមត្ថភាពចម្រាញ់ប្រេង២សែន បារ៉ែលនៅក្នុងតំបន់ហាំបន់តូតាភាគខាងត្បូង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីស្រីលង្កា។ ប្រព័ន្ធផ្សព្វផ្សាយដដែលរៀបរាប់បន្តថា «ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃរបស់ប្រធានាធិបតី អានូរ៉ា គូម៉ារ៉ា ឌីសាណាយ៉ាកេ ទៅកាន់ប្រទេសចិន ស្រីលង្កាបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយធានាបាននូវការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន»។
មួយផ្នែកនៃទិន្នផលរបស់រោងចក្រចម្រាញ់ប្រេងថ្មីនឹងត្រូវនាំចេញ ដើម្បីលើកកម្ពស់ប្រាក់ចំណូលរបស់ប្រទេសស្រីលង្កា។ ការវិនិយោគដ៏សំខាន់ពីយក្សសេដ្ឋកិច្ចលំដាប់ទី២ លើពិភពលោក(ចិន)នេះ នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ហើយក៏នឹងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ ដែលមានប្រាក់ចំណូលទាបនៅក្នុងតំបន់ហាំបន់តូតាផងដែរ។ កំពង់ផែហាំបន់តូតា ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិនក្រោមកិច្ចសន្យាជួលរយៈពេល៩៩ ឆ្នាំក្នុងតម្លៃ១,១២ពាន់លានដុល្លារនៅឆ្នាំ២០១៧ បន្ទាប់ពីស្រីលង្កាមិនអាចសងប្រាក់កម្ចីរបស់ចិនដ៏ធំ ជាការសម្រេចចិត្តដ៏ចម្រូងចម្រាស ដែលបានចោទជាសំណួរអំពីការវិនិយោគរបស់ចិននៅក្នុងប្រទេស។
ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់ប្រធានាធិបតីស្រីលង្កាទៅកាន់ប្រទេសចិនធ្វើឡើង បន្ទាប់ពីលោកត្រូវបានទទួលស្វាគមន៍លើកម្រាលព្រំពណ៌ក្រហមនៅប្រទេសឥណ្ឌា ដោយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ក្នុងនាមជាមេដឹកនាំស្រីលង្កា។ នៅក្នុងជំនួបជាមួយលោក ឌីសាណាយ៉ាកេ កាលពីថ្ងៃពុធទី១៥ ខែមករា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសទាំង២ មានឱកាសជាប្រវត្តិសាស្ត្រ ដើម្បីកសាងអតីតកាល និងឆ្ពោះទៅមុខ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី បាននិយាយថា «ភាគីទាំងពីរគួរតែមើលឃើញទំនាក់ទំនងពី ទស្សនវិស័យយុទ្ធសាស្ត្រ និងកសាងសហគមន៍ចិន-ស្រីលង្កា ជាមួយនឹងអនាគតរួមគ្នា»។
ដើមឡើយនៅឆ្នាំ២០១៩ ស្រីលង្កាបានអនុម័តគម្រោងចម្រាញ់ប្រេងដល់ក្រុមហ៊ុនជាលក្ខណៈគ្រួសាររបស់ឥណ្ឌា ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានបញ្ចប់កិច្ចព្រមព្រៀងបន្ទាប់ពីក្រុមហ៊ុននេះ បរាជ័យក្នុងការសាងសង់។ ក្រោយមក កិច្ចសន្យានេះ ត្រូវធ្លាក់ក្នុងដៃក្រុមហ៊ុនប្រេងរដ្ឋចិនស៊ីណូប៉ិច បន្ទាប់ពីអ្នកដេញថ្លៃផ្សេងទៀតបានដកខ្លួនចេញ។ គួរបញ្ជាក់ថា ស្រីលង្កាស្ថិតនៅលើផ្លូវដឹកជញ្ជូន ដ៏មមាញឹកបំផុតរបស់ពិភពលោក តភ្ជាប់តំបន់មជ្ឈិមបូព៌ា និងអាស៊ីបូព៌ា ដោយផ្តល់សារសំខាន់ជាយុទ្ធសាស្ត្រដល់ទ្រព្យសម្បត្តិសមុទ្ទរបស់ខ្លួន៕

