អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរអរគុណដល់ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានចំណាយពេលវេលាដ៏៏មានតម្លៃអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំអង្គសន្និបាតនេះឡើង គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដែលនេះប្រៀបបានទៅនឹងការឆ្លុះកញ្ចក់ ដើម្បីស្វែងយល់ពីសមទ្ធិផល ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលត្រូវការការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីសម្រេចឱ្យបាននៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅបម្រើជាផលប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍កត់សម្គាល់ជូនអង្គពិធីទាំងមូលថា កិច្ចការសំខាន់នៃអង្គសន្និបាតនៅថ្ងៃនេះ គឺនាយកដ្ឋាន និងស្ថានីយ៍ចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យលើសកម្មភាពដែលខ្លួនសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ដើម្បីស្វែងរកឱ្យឃើញអំពីបញ្ហាស្នូលរបស់នាយកដ្ឋាន និងស្ថានីយ៍ និងកំណត់វិធានការដោះស្រាយឱ្យសមស្រប ដើម្បីធានាដល់ការអនុវត្តផែនការសកម្មភាពនាឆ្នាំបន្តបន្ទាប់ប្រកបដោយប្រសិទ្ធិភាព។
ទន្ទឹមគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា ទោះបីជាឆ្នាំ២០២៤កន្លងទៅ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅមានបញ្ហាប្រឈមមួយចំនួនដែលពុំទាន់ដោះស្រាយរួចរាល់យ៉ាងណាក្តី ប៉ុន្តែអគ្គនាយកដ្ឋាន សម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលទាំងនេះពុំអាចកើតឡើងបានទេ ប្រសិនបើគ្មានការចូលរួមយ៉ាងសស្រាក់សស្រាំពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ទាំងនេះបានបង្ហាញឱ្យឃើញអំពីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់អង្គភាពទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមបន្តស្មារតីសាមគ្គីភាពបន្តទៀត ដើម្បីអគ្គនាយកដ្ឋានអាចសម្រេចបាននូវសមិទ្ធផលធំៗបន្ថែមទៀតជូនជាតិមាតុភូមិ។
ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរយៈពេលពេញមួយឆ្នាំកន្លងមករបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលបានបំពេញការងារក្នុងតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានសមិទ្ធិផលជោគជ័យនៅថ្ងៃនេះ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានមានប្រសាសន៍ជូនពរ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃអង្គសន្និបាតទាំងមូល សូមសមប្រកបនឹងពុទ្ធពរទាំង ៤ប្រការ និងប្រកាសបើកសន្និបាត។
សូមជម្រាបជូនថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នឹងរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នារសៀលថ្ងៃចន្ទ ទី០៦ មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

