អ្នកទិញលំនៅឋាន ដែលមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារចុះក្រោម នឹងមិនត្រូវបង់ពន្ធចូលរដ្ឋឡើយ ពេលធ្វើបណ្ណកម្មសិទ្ធិកាន់កាប់

ភ្នំពេញ៖ អ្នកទិញលំនៅឋាន ដូចជា បុរី និងខុនដូ ដែលមានតម្លៃចាប់ពី២១ម៉ឺនដុល្លារចុះក្រោម នឹងមិនត្រូវបង់ពន្ធចូលរដ្ឋឡើយ ពេលធ្វើបណ្ណកម្មសិទ្ធិកាន់កាប់លំនៅឋាននោះ។ ប៉ុន្តែត្រូវចាំ! ការលើកលែងពន្ធនេះ គឺសម្រាប់តែអ្នកដែលទើបនឹងទិញលើកទីមួយ ឬលើកដំបូងប៉ុណ្ណោះ ហើយត្រូវទិញក្នុងឆ្នាំ២០២៥នេះ ដោយចាប់ពីថ្ងៃ១មករា ដល់ថ្ងៃ៣១ធ្នូ។ ផុតឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងមានការសម្រេចផ្សេងទៀត។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងផ្លូវការអំពីការលើកលែងពន្ធលើការទិញផ្ទះ។ ចុះបើទិញមុខឆ្នាំ២០២៥? ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ក៏នៅតែទទួលបានការលើកលែងពន្ធដែរ ទោះទិញមុខឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែត្រូវស្របនឹងលក្ខខណ្ឌដែលកំណត់ គឺទិញលើកទីមួយ ហើយតម្លៃក្រោម២១ម៉ឺនដុល្លារ។ មានន័យថា បើទិញក្នុងតម្លៃក្រោម២១ម៉ឺនដុល្លារ ហើយទិញលើកទីមួយ តាំងពីនៅមុនឆ្នាំ២០២៥ (តែមិនទាន់ធ្វើបណ្ណកម្មសិទ្ធិកាន់កាប់) ដល់ពេលទៅធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ក្នុងឆ្នាំ២០២៥ ដែលជាការធ្វើបណ្ណកម្មសិទ្ធិកាន់កាប់លើកទីមួយ នោះនឹងមិនតម្រូវឱ្យបង់ពន្ធឡើយ។
ក្រសួងសេដ្ឋកិច្ច សម្រេចដាក់ចេញគោលការណ៍លើកលែងពន្ធខាងលើ ដោយអនុលោមតាមចំណារឯកភាពរបស់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ការលើកលែងពន្ធនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅឋាន និងជួយដល់វិស័យអចលនទ្រព្យ។ ក្នុងពិធីមួយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា គោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលក្នុងការលើកលែងពន្ធនេះ គឺដើម្បីបង្កើនលទ្ធភាពនៃការទិញលំនៅឋានឱ្យបានច្រើន ដែលជាការជួយសង្គ្រោះដល់វិស័យអចលនទ្រព្យ ហើយការជួយសង្គ្រោះវិស័យអចលនទ្រព្យ គឺជាការជួយមួយផ្នែកដល់សេដ្ឋកិច្ចជាតិ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«ឱ្យតែ[អ្នកទិញ]គាត់ទម្លាក់លុយចូលក្នុងវិស័យអចលនទ្រព្យ យកលុយបង្វិលក្នុងសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥នេះ»។

