ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ទាំងអស់ នឹងជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សង្ឃឹមថាក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់ប្រទេសណូវ៉ែលហ្សេឡង់ សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣៧នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា មុនពេលក្រុមនិស្សិតចាកចេញទៅបន្តការសិក្សានៅប្រទេសណូវ៉ែលហ្សេឡង់ នាពេលខាងមុខ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍សំដែងការអបអរសាទរ និងបង្ហាញនូវមោទនភាព ចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់ប្រទេសណូវ៉ែលហ្សេឡង់សម្រាប់ឆ្នាំ២០២៥នេះ។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែងនូវអំណរគុណជាខ្លាំងចំពោះ ប្រជាជន និងប្រទេសណូវ៉ែលហ្សេឡង់ ដែលបានបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍ណូវ៉ែលហ្សេឡង់ (Manaaki New Zealand) ដែលមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅបន្តការសិក្សារៀនសូត្រ។
ជាមួយនឹងការលើកឡើងពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ជូនដល់និស្សិតទាំងអស់បានជ្រាប ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូនពីស្ថាប័ននីតិប្បញ្ញត្តិ ដល់ក្រុមនិស្សិតទាំងអស់បានយល់ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញរយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យមានការអភិវឌ្ឍរីចម្រើនជឿនលឿន ស្របទៅតាមតួនាទីភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភា ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដល់ក្រុមនិស្សិតបានយល់ដឹងផងដែរ។ ជាមួយគ្នានេះឯកឧត្តមបានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ ត្រូវចេះសាមគ្គីគ្នាឱ្យបានល្អ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងឆ្លៀតជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ទៅដល់មិត្តភក្តិបរទេសដែលមករៀនជាមួយគ្នាបានយល់ដឹងផង។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនណូវ៉ែលហ្សេឡង់ និងបណ្តាមិត្តភក្តិ បរទេស ដែលនិស្សិតទាំងអស់ស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត។
ក្នុងឱកាសនោះដែរ លោក ជា ទិតចំណារ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់ប្រទេសណូវ៉ែលហ្សេឡង់ បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលជាថ្នាក់ដឹកនាំ និងជាបញ្ញវន្តខ្មែរពោពេញដោយចំណេះដឹង បានផ្តល់កិត្តិយស និងឱកាសឱ្យក្រុមនិស្សិតជ័យលាភីទាំង៣៧នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ចែករំលែកនូវបទពិសោធន៍នានា ដើម្បីក្រុមនិស្សិតបានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅប្រទេសណូវ៉ែលហ្សេឡង់ ៕

