ឯកឧត្ដម កែវ រតនៈ ៖ ប្រទេសជាតិមានសុខសន្តិភាពមកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃ៧ម៉ឺនដុល្លារ បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់ នៅក្នុងផ្សារសាមគ្គីក្រគរ និងជួបសំណេះសំណាល ជាមួយអ្នកប្រកបរបររត់ម៉ូតូឌុប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមកែវ រតនៈ បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ និងអ្នកប្រកបរបររត់ម៉ូតូឌុប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃ៧ម៉ឺនដុល្លារ បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់ នៅក្នុងផ្សារសាមគ្គីក្រគរ នាឱកាសនេះ។
ឯកឧត្ដមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋ ក្នុងស្រុកក្រគរ និងស្រុកណ្តៀង ដែលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ហើយឈ្នះដាច់ពេញផ្ទៃប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើង ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជា ហើយខេត្តពោធិ៍សាត់ក៏ជាមោទកភាពផងដែរ ដែររដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត តាមរយៈការគាំទ្រដល់ការតម្លើងរោងចក្រជាច្រើន ដែលបច្ចុប្បន្នបានកំពុងសាងសង់ និងបានដំណើរការខ្សែច្រវ៉ាក់ផលិតរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ។
ជាមួយគ្នានេះឯកឧត្ដម ក៏បានសូមឱ្យបងប្អូនអាជីវករ រួមទាំងអ្នកប្រកបរបររត់ឌុបទាំងអស់ សូមរួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង៕

