នាយករដ្ឋមន្ត្រីស្លូវ៉ាគី៖ ការទទួលយកការសម្រេចចិត្តរបស់អ៊ុយក្រែនលើការដឹកជញ្ជូនឧស្ម័នអាចនាំឱ្យមានភាពតានតឹង

បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានព្រមាននៅក្នុងលិខិតមួយផ្ញើទៅកាន់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃអាទិត្យថា ការទទួលយកដោយឥតលាក់លៀមនៃការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីនឹងបង្កើនភាពតានតឹង។
នៅក្នុងលិខិតចំហដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Robert Fico បានពណ៌នាអំពីទង្វើនេះថាខុស មិនសមហេតុផល និងទំនងជាបង្កឱ្យមានវិធានការទៅវិញទៅមក។
កិច្ចសន្យាបច្ចុប្បន្នរយៈពេល ៥ឆ្នាំដើម្បីបញ្ជូនឧស្ម័នរុស្ស៊ីឆ្លងកាត់អ៊ុយក្រែននឹងផុតកំណត់នៅចុងឆ្នាំនេះ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមានចេតនាបន្តវានៅឆ្នាំក្រោយទេ។
កាលពីដើមខែនេះ គណៈកម្មការអឺរ៉ុនបានបញ្ជាក់ថា ខ្លួននឹងមិនគាំទ្រការពិភាក្សាលើការបន្តកិច្ចសន្យាដឹកជញ្ជូនឧស្ម័ន ឬស្វែងរកដំណោះស្រាយជំនួសដើម្បីរក្សាលំហូរនោះទេ ហើយវាក៏មិនបានចូលរួមក្នុងការចរចាណាមួយទាក់ទងនឹងបញ្ហានេះដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
លោក Robert Fico បានព្រមានថាការបញ្ចប់ការដឹកជញ្ជូនឧស្ម័ននឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបច្រើនជាងរុស្ស៊ី។
លោកបានរិះគន់លោក Zelensky ចំពោះការប្រកាសជាឯកតោភាគីនូវការបិទច្រកឆ្លងកាត់ដោយមិនពិគ្រោះជាមួយស្ថាប័ន EU ឬរដ្ឋសមាជិកដែលរងផលប៉ះពាល់។
លោក Robert Fico បានបញ្ជាក់មុននេះថា រដ្ឋាភិបាលរបស់លោកនឹងពិចារណាលើវិធានការនានា រួមទាំងការកាត់ការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែនផងដែរ។
